កីឡាករ កីឡាការិនីកម្ពុជា ចាប់ផ្តើមហ្វឹកហាត់ត្រៀមស៊ីហ្គេមចុងឆ្នាំនេះនៅវៀតណាមនិងនៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

MC៖ ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជា ត្រូវបានដំណើរការឡើងវិញ ក្នុងការត្រៀមសម្រាប់ស៊ីហ្គេមចុងឆ្នាំនេះនៅវៀតណាមនិងស៊ីហ្គេមនៅឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ខណៈដែលជំងឺកូវីដ១៩ អាចគ្រប់គ្រងបាន។

 
កីឡាករ កីឡាការិនីកម្ពុជា ចាប់ផ្តើមហ្វឹកហាត់ត្រៀមស៊ីហ្គេមចុងឆ្នាំនេះនៅវៀតណាមនិងនៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខា ធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេ ខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ បានមានប្រសាសន៍ប្រាប់វិទ្យជាតិកម្ពុជាឱ្យដឹងថា ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី បានចាប់ផ្តើមវិញហើយ នៅដើមឆ្នាំ២០២១ នេះ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានគ្រប់គ្រងទាំងស្រុង ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមផង ហើយត្រៀមស៊ីហ្គេមលើកទី៣២នៅកម្ពុជាឆ្នាំ២០២៣ផង ដើម្បីប្រកួតប្រជែងដណ្តើមយកមេដាយឱ្យបានច្រើនជូនជាតិមាតុភូមិ។ ឯកឧត្តមបានបន្ថែមថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានិងក្រសួងអប់រំ យុវជននិងកីឡា បានពង្រឹងនូវការរៀបចំគ្រប់គ្រង ដឹកនាំហ្វឹកហាត់ឱ្យកាន់តែមាន ប្រសិទ្ធភាព និងការយកចិត្តទុកដាក់ សម្រាប់ផែនការថ្មីៗបន្តទៀត ដើម្បីឈានសម្រេចទទួលបានជោគជ័យនាពេលខាងមុខនេះ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងធ្វើនៅរដ្ឋធានីហាណូយចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ ផ្ទះ ចាប់ពីថ្ងៃទី០៥ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ ៕

ប្រភព: ក្រសួងព័ត៌មាន