កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរ ជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក បានដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប បញ្ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅលើដីចំណីផ្លូវ ដងស្ទឹងសៀមរាប ឱ្យទៅរស់នៅក្នុងគម្រោងអភិវឌ្ឍន៍នោះ បច្ចុប្បន្នការរស់នៅប្រកបដោយសេចក្តីសុខសាន្ត និងមានមុខរបរយ៉ាងល្អប្រសើរ។

 
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរ ជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក បានដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

បច្ចុប្បន្នពួកគាត់កំពុងប្រមូលផលម្នាស់ទឹកឃ្មុំ ដែលបានដាំបង្ហាញលើផ្ទៃដីជាង ២ហិកតា ដែលការដាំដុះនោះគឺប្រើប្រាស់ជីធម្មជាតិសុទ្ធសាធ និងទទួលបានការកោតសរសើរថា មានឱជារសផ្អែមឆ្ងាញ់ ដែលដាំដោយអ្នកភូមិធម្មជាតិរុនតាឯក ហើយកំពុងដាក់លក់នៅក្នុងសួនរុក្ខជាតិអង្គរ។

 

លោក ស៊ុន កែវពិសី អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានឲ្យដឹងថា ម្នាស់ទឹកឃ្មុំ ដែលពួកគាត់ដាំ ហើយបានយកមកលក់នេះ គឺប្រើជីអាចម៍មាន់ និងប្រភេទជីកំប៉ុស្ត ហើយការប្រើជីធម្មជាតិដូច្នេះ អ្នកជំនាញប្រាប់ថា បានទិន្នផលល្អមិនចាញ់ប្រើជីគីមីប៉ុន្មានទេ និងមិនប៉ះពាល់សុខភាពទៀតផង។ ចំណែកទីផ្សារវិញ ការដាំនៅឆ្នាំនេះ គឺយកមកលក់នៅសួនរុក្ខជាតិអង្គរ ដែលអាជ្ញាធរជាតិអប្សរាទើបនឹងសម្ពោធកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ហើយមានការគាំទ្រច្រើនពីសាធារណជន ដែលបានចូលទៅទស្សនាក្នុងសួនមួយនេះ។

លោក ស៊ុន កែវពិសី បន្ថែមថា ក្រៅពីដំណាំម្នាស់ ក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះ ក៏មានដាំផ្លែឈើចម្រុះដទៃទៀត រួមមាន ផ្លែខ្នុរ ស្រកានាគ អំពៅ។ល។ ដើម្បីបង្ហាញដល់ពលរដ្ឋ ក្នុងភូមិ និងលើកទឹកចិត្តដល់ពួកគេដាំដុះឱ្យបានច្រើនផងដែរ។ ចំពោះដំណាំម្នាស់វិញ មានពលរដ្ឋ ៤គ្រួសារហើយដែលចាប់អារម្មណ៍ដាំដុះ ហើយគម្រោងនេះបានចែកពូជកូនសរុប ១,២០០កូន ដល់ពលរដ្ឋដោយឥតបង់ថ្លៃ ក្នុងន័យលើកស្ទួយកម្រិតជីវភាពពួកគេឲ្យមានភាពល្អប្រសើរ។ ពួកគេយកទៅដាំលើផ្ទៃដី ដែលអាជ្ញាធរជាតិអប្សរាចែកជូន ដើម្បីបន្តអភិវឌ្ឍន៍ភូមិនេះ ដូចជាបានបន្តរៀបចំជាផ្លូវថ្នល់ និងប្រព័ន្ធប្រឡាយ ៤ខ្សែបន្ថែមទៀត សម្រួលដល់ការធ្វើដំណើរ និងយកទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្មប្រជាពលរដ្ឋក្នុងភូមិទាំងមូលផងដែរ។ ប្រជាពលរដ្ឋ ដែលប្រកបរបរដំណាំម្នាស់នេះ បានអំពាវនាវដល់ភ្ញៀវទេសចរដែលមកទស្សនាសួនរុក្ខជាតិអង្គរ មេត្តាជួយប្រើប្រាស់ និងទិញម្នាស់ទឹកឃ្មុំឱ្យបានច្រើនជាអតិបរិមា ដើម្បីជួយដល់ជីវភាពអ្នកភូមិអភិវឌ្ឍន៍រុនតាឯកឱ្យបានល្អប្រសើរ៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន