ឥណ្ឌានិយាយថា ចិនធ្វើចលនាយោធានៅព្រំដែនដែលធា្លប់ប៉ះទង្គិចគ្នា
ញូដេលី៖ យោធាឥណ្ឌាបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ចិនបានចល័តកងទ័ពកាលពីចុងសប្តាហ៍មុន នៅតំបន់ព្រំដែន ដែលមហាប្រទេសទាំងពីរធ្លាប់មានជម្លោះ។
យោធាឥណ្ឌាបានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា យប់ថ្ងៃទី២៩ និង៣០ ខែសីហា ឆ្នាំ២០២០ កងទ័ពរំដោះប្រជាជនចិន (PLA) បានរំលោភកិច្ចព្រមព្រៀង ដែលធ្វើឡើងក្នុងជំនួបនៃមន្ត្រីយោធា និងការទូតរវាងប្រទេសទាំងពីរ ដោយបានចល័តកងទ័ពនាំឲ្យស្ថានការណ៍បច្ចុប្បន្នមានការប្រែប្រួល។ យ៉ាងណាមិញភាគីចិនមិនទាន់ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ឥណ្ឌានៅឡើយ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី១៥ ខែមិថុនា កងទ័ពរបស់ប្រទេសទាំងពីរមានការប៉ះទង្គិចគ្នានៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ដែលធ្វើឲ្យទាហានឥណ្ឌាស្លាប់២០នាក់ ចំណែកឯចិនក៏បានអះអាងថា គេក៏មានទាហានស្លាប់ និងរងរបួសផងដែរ ប៉ុន្តែគេមិនបានបញ្ជាក់ប្រាប់ពីចំនួនឡើយ៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ