គណៈវិស្វករកម្ពុជាស្នើឲ្យវិស្វករទាំងអស់សិក្សាឲ្យបានស៊ីជម្រៅពីច្បាប់សំណង់
គណៈវិស្វករកម្ពុជា បានស្នើឲ្យវិស្វករទាំងអស់ ទាំងជាតិ និងវិស្វករបរទេស ដែលបម្រើការនៅកម្ពុជា ចូលរួមគោរពច្បាប់ និងបទ ប្បញ្ញត្តិនានាពាក់ព័ន្ធនឹងវិស័យសំណង់ឱ្យបានត្រឹមត្រូវ ពិសេសត្រូវគោរព
គណៈវិស្វករកម្ពុជា បានស្នើឲ្យវិស្វករទាំងអស់ ទាំងជាតិ និងវិស្វករបរទេស ដែលបម្រើការនៅកម្ពុជា ចូលរួមគោរពច្បាប់ និងបទ ប្បញ្ញត្តិនានាពាក់ព័ន្ធនឹងវិស័យសំណង់ឱ្យបានត្រឹមត្រូវ ពិសេសត្រូវគោរព និងត្រូវសិក្សាឲ្យបានស៊ីជម្រៅពីច្បាប់សំណង់ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពសំណង់នៅកម្ពុជា។
អគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក លឹម សុថាវ បានប្រាប់ KHB Media ថាគ្រប់វិស្វករទាំងអស់ ទាំងជាតិ និងវិស្វករបរទេស ដែលបម្រើការនៅកម្ពុជា លើវិស័យសំណង់ ត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ជាពិសេសត្រូវចូលរួមវគ្គបណ្តុះបណ្តាលពីច្បាប់សំណង់ ទៅតាមការរៀបចំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឲ្យបានទៀងទាត់ និងសិក្សាច្បាប់សំណង់ឲ្យបានច្បាស់លាស់ ចៀសវាងការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
ទន្ទឹមនេះ លោកបានជំរុញឲ្យវិស្វករខ្មែរ និងវិស្វករបរទេសទាំងអស់ ដែលបម្រើការនៅកម្ពុជារួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា ដើម្បីក្លាយជាវិស្វករស្របច្បាប់ និង មិនប្រឈមទៅការផាកវិន័យតាមប្រព័ន្ធផ្លូវច្បាប់ថែមទៀត។
ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ ថ្លែងក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នាពេលថ្មីៗនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបន្តក្រើនរំលឹកវិស្វករ និងស្ថាបត្យករនៅក្នុងវិស័យសំណង់ទាំងអស់ត្រូវតែគោរព បទដ្ឋានបច្ចេកទេស ស្តង់ដារសំណង់ឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាព សោភ័ណភាព សុវត្ថិភាពសំណង់ជាដើម ។ ជាងនេះទៀត ក្រុមហ៊ុនឬវិស្វករ និងស្ថាបត្យករដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការធ្វើអាជីវកម្មលើវិស័យសំណង់ ត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ជាពិសេសត្រូវមានការទទួលខុសត្រូវនិងត្រួតពិនិត្យការដ្ឋានសាងសង់ឲ្យបានហ្មត់ចត់និងចៀសវាងការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។