ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរចំពោះគំនិតផ្តួចផ្ដើមនៃការបង្កើតឱ្យមានវេទិកាសន្តិភាពកម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការស្វែងរកសុខសន្តិភាព និងផលប្រយោជន៍ជាតិ

សៀមរាប ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២

 
ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរចំពោះគំនិតផ្តួចផ្ដើមនៃការបង្កើតឱ្យមានវេទិកាសន្តិភាពកម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការស្វែងរកសុខសន្តិភាព និងផលប្រយោជន៍ជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធកម្ពុជាបានធ្វើការកោតសរសើរចំពោះគំនិតផ្តួចផ្ដើមនៃការបង្កើតឱ្យមានអង្គវេទិកាសន្តិភាពកម្ពុជា ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា និងបញ្ជ្រាបការយល់ដឹងអំពីការស្វែងរកសុខសន្តិភាព គុណតម្លៃ និងផលប្រយោជន៍ជាតិ ដើម្បីគាំទ្រដល់យុវជន និងប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងនេះ ក្នុងពិធី «បិទមហាសន្និបាតលើកទី០១ ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ ផ្សព្វផ្សាយទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់វេទិកាសន្តិភាពកម្ពុជា» នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងកម្មវិធីបិទសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា តំណាងអង្គការវេទិកាសន្តិភាពទូទាំងប្រទេសប្រមាណ ១ ០០០ នាក់។

តាមរបាយការណ៍សង្ខេប របស់ ឯកឧត្តម សួន សេរីរដ្ឋា អំពីសកម្មភាពការងារកន្លងទៅរបស់សមាជិក សមាជិកា វេទិកាសន្តិភាពកម្ពុជា និងលទ្ធផលនៃមហាសន្និបាតជូនអង្គវេទិកាទាំងមូលអោយបានជ្រាបបន្ថែមពីសមិទ្ធផលដែលកើតចេញមកពីការខិតខំប្រែងរបស់សមាជិក សមាជិកា អង្គការវេទិកាសន្តិភាពកម្ពុជា ក៏ដូចជាបង្ហាញអោយឃើញពីផែនការឆ្ពោះទៅមុខជាបន្តបន្ទាប់ទៀត។ ឯកឧត្តមបានបញ្ជាក់ថា វេទិកាសន្តិភាពកម្ពុជាបានប្រកាសជាផ្លូវការនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយដល់ សិស្ស និស្សិត និងប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីគុណតម្លៃ និងផលប្រយោជន៍នានាដែលបានមកពីការខិតខំស្វែងរកយ៉ាងលំបាករបស់សម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេស។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា "ជាការពិតណាស់ការដឹកនាំស្ថាប័ននីមួយៗពិតជាមានការលំបាក និងត្រូវបត់បែនតាមស្ថានភាពជាក់ស្តែងជានិច្ច ជាពិសេសការដឹកនាំស្ថាប័នអង្គការចាត់តាំងបែបនេះ ត្រូវធ្វើឡើងដោយការគ្រប់គ្រងច្បាស់លាស់ ដោយសន្សឹមៗ និងត្រូវបង្កើនភាពជឿជាក់ជាបន្តបន្ទាប់ ដើម្បីទទួលបានការគាំទ្រ ការជឿទុកចិត្ត និងការចូលរួមដោយមិនមានការបង្ខិតបង្ខំ”។

គួរបញ្ជាក់ដែរថា ក្រោមបរិយាកាសដែលពោរពេញដោយភាពស្និទស្នាល និងសាមគ្គីភាព ក្នុងពិធីបិទមហាសន្និបាតលើកទី០១ របស់អង្គវេទិកាសន្តិភាពកម្ពុជា ប្រកបដោយភាពរីករាយ និងស្មារតីគាំទ្ររបស់សមាជិក សមាជិកា នៃអង្គពិធីទាំងមូលបានធ្វើឱ្យដំណើរនៃពិធីនេះប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន