អ្នកជំងឺចំនួន ៦% នៅសាកលវិទ្យាល័យពេទ្យឃីយ៉ូប្រទេសជប៉ុនបានឆ្លងវីរុសកូវីដ១៩
ទីក្រុងតូក្យូ៖ សាកលវិទ្យាល័យពេទ្យឃីយ៉ូប្រទេសជប៉ុនបានរាយការណ៍ថា អ្នកជំងឺធម្មតាចំនួន៦%ភាគរយដែលមិនធ្លាប់មានវីរុសកូវីដ១៩ ពីមុនមក ឥឡូវនេះបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK WORLD-JAPAN ថ្ងៃទី២២ មេសា ២០២០។
ក្រុមគ្រូពេទ្យជំនាញឲ្យដឹងថា អ្នកជំងឺធម្មតាចំនួន ៦៧នាក់ បានត្រៀមខ្លួនសម្រាប់ការវះកាត់នៅឯមន្ទីរពេទ្យកាលពីសប្តាហ៍មុន។ ក្នុងចំណោមអ្នកជំងឺទាំងអស់នោះមិនមាននរណាម្នាក់ចេញរោគសញ្ញាអ្វីឡើយ ប៉ុន្តែមានអ្នកជំងឺ ៤នាក់ បានរកឃើញថាមានវិជ្ជមានកូវីដ១៩។
គេសង្ស័យថាអ្នកជំងឺទាំងនោះប្រហែលឆ្លងវីរុសកូវីដ១៩កន្លែងផ្សេង។ ក្រុមគ្រូពេទ្យជំនាញជឿជាក់ថា តាមរយៈអត្រានៃអ្នកឆ្លងវីរុសបញ្ជាក់ឲ្យឃើញថា វីរុសនេះបានរីករាលដាលយ៉ាងខ្លាំងក្នុងសហគមន៍។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ករណីឆ្លងវីរុសកូវីដ១៩ជាច្រើនរហូតមកទល់ពេលនេះគឺកើតលើអ្នកជំងឺដែលបានផ្ទេរមកពីមន្ទីរពេទ្យ Eiju General Hospital និងទីក្រុងតូក្យូ ដែលនេះមានន័យថាករណីឆ្លងនៅក្នុងផ្ទះទំនងអាចកើតមានឡើងផងដែរ។ វាពិតជាបង្ករការលំបាក់សម្រាប់មន្ទីរពេទ្យក្នុងការព្យាបាលអ្នកជំងឺ។
ជាងនេះទៅទៀត ក្រុមគ្រូពេទ្យដែលកំពុងធ្វើសិក្ខាកាមប្រហែល ២០នាក់ បានឆ្លងជំងឺក្រោយពីពួកគាត់បរិភោគអាហារពេលល្ងាចជាមួយគ្នា។
សូមបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ ជប៉ុនមានអ្នកឆ្លងកូវីដ១៩សរុបចំនួនជាង ១១,៣៧២ ហើយ៕
ប្រភព÷ NHK WORLD-JAPAN, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ