ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន៖ ពីរថ្ងៃចុងសប្តាហ៍ ភ្ញៀវទេសចរផ្ទៃក្នុងជាង២៥ម៉ឺននាក់ បានចេញដើរកម្សាន្ត កើនឡើងជិត ២៥% !
(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថានៅរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ គឺថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានាសរុបចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ៩៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០ ៦៣៥ នាក់។
ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដើរកម្សាន្តនេះ មានការកើនឡើងប្រមាណជា ២៤.៧% ធៀបនឹងចុងសប្តាហ៍កន្លងមក។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ ៥៥ ០៨៤ នាក់
* ខេត្តព្រះសីហនុ ៤៥ ៨៤៣ នាក់
* ខេត្តសៀមរាប ២៥ ៣៩០ នាក់
* ខេត្តពោធិ៍សាត់ ២៣ ៥៩៧ នាក់
* ខេត្តកំពត ២១ ៥៨៩ នាក់
* ខេត្តបាត់ដំបង ១៣ ៩៥៤ នាក់
* ខេត្តមណ្ឌលគិរី ១១ ៦៨០ នាក់
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ បានទាញយកឱកាសនៃការប្រារព្វបុណ្យណូអែល ឬគ្រីសម៉ាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ តាមរយៈការរៀបចំតុបតែងលម្អមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើតកម្មវិធីកម្សាន្តសប្បាយផ្សេងៗ (Promotion)។
ដោយឡែក សម្រាប់ការប្រារព្វពិធីឆ្លងឆ្នាំសាកលនាចុងសប្តាហ៍ក្រោយនេះ អត្រាការកក់បន្ទប់ស្នាក់ នៅមានកម្រិតខ្ពស់នៅតាមខេត្តសំខាន់ៗ ដូចជាកែប កំពត និងមណ្ឌលគិរី ដែលបន្ទប់ស្នាក់នៅជាង ៨០% ត្រូវបានភ្ញៀវកក់រួចស្រេចរហូតមកដល់ពេលនេះ ខណៈដែលគោលដៅខេត្តព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និងរតនគិរី ក៏ការកក់បន្ទប់ស្នាក់នៅមានអត្រាខ្ពស់ផងដែរ។
ឯកឧត្ដមបន្ថែមថា បណ្តារដ្ឋបាលរាជធានីខេត្ត បានកំពុងរៀបចំតុបតែងលម្អទីក្រុង និងទីប្រជុំជន ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី និងទាក់ទាញភ្ញៀវទេសចរ ព្រមជាមួយការរៀបចំពិធីរាប់ថយក្រោយ (Countdown) នៅតាមទីតាំងសំខាន់ៗមួយចំនួន។
ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ បានបន្តក្រើនរំលឹកដល់ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន និងភ្ញៀវទេសចរ ឲ្យចូលរួមអនុវត្តឲ្យបានម៉ត់ចត់ នូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាយថាហេតុណាមួយ ពិសេសនាឱកាសប្រាព្វពិធីឆ្លងឆ្នាំសាកលនេះ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងទេសចរណ៍