លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ “បទពិសោធសម្រាប់ការអនុវត្តគម្រោងសុខភាពតែមួយ នឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០៣០”

នាថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២:៣០ នាទីរសៀល នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Andrea Godon, Principal Portfolio Manager និងក្រុមកាងារនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំគម្រោងសម្របសម្រួលសុខភាពតែមួយ(One Health)។

 
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ “បទពិសោធសម្រាប់ការអនុវត្តគម្រោងសុខភាពតែមួយ នឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០៣០”

លោកជំទាវរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមវាយតម្លៃការសិក្សាលទ្ធភាពគម្រោងសុខភាពតែមួយ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ជាពិសេសធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលបានសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជាទាំងបច្ចេកទេស និងថវិកា។

 



លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងនូវបទពិសោធន៍ នៃការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល គម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ និងគម្រោងមូលនិធិសកល ដែលទទួលបានជោគជ័យ ជូនប្រតិភូធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដើម្បីដកស្រង់បទពិសោធសម្រាប់ការអនុវត្តគម្រោងសុខភាពតែមួយ ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០៣០។ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់រៀបចំការអនុវត្តគម្រោងឱ្យទទួលបានលទ្ធផលតាមគោលដៅរំពឹងទុក។



 

លោកស្រី Andrea Godon តំណាងប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ក៏បានបង្ហាញនូវវឌ្ឍនភាពនៃការត្រៀមរៀបចំគម្រោង One Health ដូចជាការជ្រើសរើសទីប្រឹក្សាគម្រោង ការរៀបចំកិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខាដោយភាគីកម្ពុជា មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាលតំណាងអោយភាគីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) តំណាងឱ្យភាគីអាល្លឺម៉ង់ និងកិច្ចការផ្សេងៗចាំបាច់មួយចំនួនទៀត។

 

ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងក្រុមការងារពាក់ព័ន្ធ។

ប្រភព៖ ក្រសួងសុខាភិបាល