អុីរ៉ង់សុំពន្យារពេលកិច្ចចរចា ដើម្បីពិភាក្សាជាមួយមេដឹកនាំកំពូល ខណៈលោក Trump បដិសេធសំណើលើកមុន
កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរវាងអុីរ៉ង់ និងអាមេរិក កំពុងស្ថិតក្នុងដំណាក់កាលដ៏តានតឹងបំផុត បន្ទាប់ពីទីក្រុងតេអេរ៉ង់បានប្រាប់អ្នកសម្របសម្រួលថា ខ្លួនត្រូវការពេលវេលាពីរបីថ្ងៃបន្ថែមទៀត ដើម្បីពិគ្រោះយោបល់ជាមួយមេដឹកនាំកំពូល មុននឹងដាក់ចេញនូវសំណើកែសម្រួលថ្មី។
ការពន្យារពេលនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានច្រានចោលសំណើមុនរបស់អ៊ីរ៉ង់ ដែលព្យាយាមគេចចេញពីការជជែកដេញដោលលើកម្មវិធីនុយក្លេអ៊ែរ។
យោងតាមប្រភពព័ត៌មានពី CNN និងមន្ត្រីពាក់ព័ន្ធនឹងការចរចានៅប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរត្រឡប់ទៅទីក្រុងតេអេរ៉ង់វិញ ដើម្បីសុំការសម្រេចចិត្តចុងក្រោយពីមេដឹកនាំកំពូល លោក Mojtaba Khamenei។ ការចរចាមានភាពយឺតយ៉ាវ ដោយសារមានរបាយការណ៍ថា ការទាក់ទងជាមួយមេដឹកនាំកំពូលមានការលំបាក បន្ទាប់ពីមានព័ត៌មានថា លោកបានរងរបួស និងកំពុងស្ថិតក្នុងទីតាំងសម្ងាត់។
កន្លងមក អ៊ីរ៉ង់បានស្នើឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នា និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាថ្នូរនឹងការលើកលែងទណ្ឌកម្ម ប៉ុន្តែលោក Trump បានបដិសេធភ្លាមៗ ដោយលោកសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែរួមបញ្ចូលការបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដាច់ខាត។
ទន្ទឹមនឹងការរង់ចាំសំណើថ្មីនេះ លោក Trump បានបង្កើនសម្ពាធកាន់តែខ្លាំង ដោយបញ្ជាឱ្យកងទ័ពជើងទឹកអាមេរិកបន្តការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ និងត្រៀមលក្ខណៈវាយប្រហារវិញ ប្រសិនបើកិច្ចចរចាមិនទទួលបានលទ្ធផលក្នុងពេលឆាប់ៗនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានបញ្ជាក់ដែរថា ទោះបីជាសំណើរបស់អ៊ីរ៉ង់មើលទៅហាក់ដូចជាមានភាពវិជ្ជមានជាងមុនបន្តិចមែន ប៉ុន្តែអាមេរិកនៅតែមន្ទិលសង្ស័យថា តើមន្ត្រីអ៊ីរ៉ង់ដែលមកចរចាមានអំណាចពេញលេញក្នុងការសម្រេចចិត្តដែរឬទេ?


ប្រភព៖ CNA


















