យន្តហោះក្រុមហ៊ុន Air Canada ជួបគ្រោះថ្នាក់ធ្លាក់នៅអាកាសយានដ្ឋាន LaGuardia ទីក្រុងញូវយ៉ក
អាកាសយានដ្ឋាន LaGuardia(ឡាហ្គាឌៀ) ក្នុងទីក្រុងញូវយ៉ក ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានជួបគ្រោះថ្នាក់ធ្លាក់ នៅលើផ្លូវរត់ កាលពីព្រឹកថ្ងៃអង្គារ ទី ២៤ ខែមីនា ឆ្នាំ ២០២៦ នេះ។
យោងតាមការបញ្ជាក់បឋមពីអាជ្ញាធរអាកាសចរណ៍សហព័ន្ធ (FAA) យន្តហោះជើងហោះហើរដែលធ្វើដំណើរមកពីទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា បានជួបបញ្ហានៅពេលព្យាយាមចុះចត។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញពីផ្សែងខ្មៅហុយចេញពីតួខ្លួនយន្តហោះ ខណៈដែលក្រុមពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់រាប់សិបនាក់ បានសម្រុកទៅកាន់កន្លែងកើតហេតុភ្លាមៗ។
មកទល់ពេលនេះ ចំនួនអ្នករងគ្រោះពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែមានសេចក្តីរាយការណ៍ថា អ្នកដំណើរ និងក្រុមនាវិកមួយចំនួនត្រូវបានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព។ យ៉ាងណាមិញ ក៏មានព័ត៌មានអំពីអ្នករងរបួសមួយចំនួនដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះផងដែរ។
សូមជម្រាបថា ហេតុការណ៍នេះបានបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍ផ្លូវអាកាសនៅទូទាំងសហរដ្ឋអាមេរិក ដោយជើងហោះហើររាប់រយត្រូវបានលុបចោល ឬពន្យារពេល។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បានបញ្ជូនក្រុមការងារទៅស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ ថាតើវាបណ្តាលមកពីបញ្ហាបច្ចេកទេស កំហុសមនុស្ស ឬកត្តាអាកាសធាតុ?


ប្រភព៖ CNA


















