សម្តេចតេជោមិនជឿថាការសម្រេច បាននូវសន្តិភាព គឺធ្វើឡើងតាមរយៈការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាមនោះឡើយ

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២​​​​​​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន មិនជឿថា ការសម្រេចបាននូវសន្តិភាព តាមរយៈការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាមនោះឡើយ។

 
សម្តេចតេជោមិនជឿថាការសម្រេច បាននូវសន្តិភាព គឺធ្វើឡើងតាមរយៈការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាមនោះឡើយ

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គនៃ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចហ្សែល ប្រទេសប៊ែលហ្សិក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុងពេលដែលពហុភាគីនិយម បាននិងកំពុងទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ អ្វីដែលគួរឱ្យព្រួយបារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាននិងកំពុងទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហ លើច្បាប់ បទដ្ឋាន និងគោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល ។

សម្តេចតេជោ បានបន្តថា ក្នុងនាមជាប្លុកតំបន់ពីរ ដែល ផ្អែកលើច្បាប់ និង មានការទទួលខុសត្រូវ អាស៊ាន និង សហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និងលើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់ បទដ្ឋាន និង គោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព និង ស្ថិរភាព និង ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និង ជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់របស់យើង ក៏ដូចជាពិភពលោក។

សម្តេចតេជោ បានបន្ថែមថា ជាមួយនឹងការកត់សម្គាល់ផ្ទាល់ខ្លួន និង បទពិសោធនៃករណីជម្លោះ ដែលបានអូសបន្លាយ និង បង្កជាសោកនាដកម្មនៅកម្ពុជា សម្តេចតេជោមិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាព តាមរយៈការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម នោះឡើយ ។ ក្នុងន័យនេះ សម្តេចសង្ឃឹមដោយស្មោះថា យើងគួរ តែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ ជាវិធីសាស្ត្ររួមរបស់យើង ។

សម្តេចតេជោ មានទំនុកចិត្តថា កិច្ចពិភាក្សា នឹងអនុញ្ញាតឱ្យយើងធ្វើការផ្លាស់ប្ដូរនូវស្មារតីរួម របស់យើង ឱ្យទៅជាចក្ខុវិស័យ ប្រកបដោយភាពជាក់ស្តែងនិយម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ តំបន់របស់យើង និង ពិភពលោកទាំងមូល សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ទៅមុខ ។ សម្តេចតេជោទន្ទឹងរង់ចាំការពិភាក្សា ដោយត្រង់ទៅត្រង់មក បើកចំហ និង ស្ថាបនា៕ 

ប្រភព៖ ក្រសួងព័ត៌មាន