រាជរដ្ឋាភិបាល នឹងធ្វើការឆ្លាក់រូបនូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ហើយរៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះឈ្នះផងដែរ
ប្រភពព័ត៌មានពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹង នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះថា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង អំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។
ប្រភពដដែលបានបន្តថាក្រៅពីអត្ថន័យនិងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះឈ្នះផងដែរ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំចងក្រងនូវកម្រងវីដេអូឯកសារជាប្រវត្តិសាស្រ្ត នូវព្រឹត្តិការណ៍ទាំងមូល ក៏ដូចជាវីដេអូនៃគ្រប់វិញ្ញាសានៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងសោមនស្សរីករាយក្រៃលែង។
សូមបញ្ជាក់ជូនថា ភាពអស្ចារ្យនិងជោគជ័យនៃដំណើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវគំរូក្នុងកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ នៃទំព័រព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលជាសញ្ញាណនៃការឈានទៅរកការកែទម្រង់ និងធ្វើបច្ចុប្បន្នកម្មលើលក្ខខណ្ឌនានា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកក្រោយៗទៀត ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសហគមន៍អាស៊ាន៕
ប្រភព៖ ក្រសួងព័ត៌មាន