«រូបវន្តបុគ្គល នីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាន»
ទីស្តីការក្រសួងបរិស្ថាន៖ រូបវ័ន្តបុគ្គល នីតិបុគ្គលដែលមានស្នាដៃឆ្នើម ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការផ្លាស់ប្ដូរឥរិយាបទសង្គម មកប្រតិបត្តិមេត្រីភាពបរិស្ថាន ទទួលបណ្ណសរសើរមេត្រីភាពបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ។

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍ថាកម្មវិធីនេះរៀបចំឡើង ដើម្បីជាការលើកទឹកចិត្តចំពោះការចូលរួម និងបំផុសចលនាការរស់នៅស្អាត ភូមិឋានស្អាត ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់មេត្រីភាពបរិស្ថាន កាន់តែមានភាពល្អប្រសើរ។ យើងបាននិងកំពុងលើកកម្ពស់សកម្មភាពសាលាមេត្រីបរិស្ថាន អារាមេត្រីបរិស្ថាន និងស្ថាប័នមេត្រីបរិស្ថាន។ ឯកឧត្តមបានបន្តថាក្រសួងបរិស្ថានតែងលើកទឹកចិត្ត និងទទួលស្គាល់ដល់ការខិតខំប្រឹងប្រែងរបស់ពលរដ្ឋកម្ពុជា ស្ថាប័នសាធារណៈ ស្ថាប័នឯកជន អង្គការ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យបរិស្ថាន។ អ្វីដែលកម្ពុជាចង់បានគឺ «ភូមិឋានស្អាត ការរស់នៅស្អាត សុខភាពល្អ សហគមន៍បវរ សង្គមរុងរឿង» ដើម្បីឈានឆ្ពោះទៅកម្ពុជាប្រកបដោយភាពរុងរឿង។ ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីវឌ្ឍនភាពនៃសង្គមកម្ពុជា ដែលជាចំណែកនៃការចូលរួមរបស់យើងទាំងអស់គ្នា មិនថាដៃគូរអភិវឌ្ឍន៍ វិស័យឯកជន វិស័យសាធារណៈ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ក្នុងការចូលរួមធ្វើកិច្ចការធ្វើឱ្យមានការផ្លាស់ប្ដូរឥរិយាបទ ការគិតគូរ និងផ្នត់គំនិតចំពោះបរិស្ថាន។
នាឱកាសនោះដែរ លោកស្រី Nancy J. Eslick នាយកបេសកកម្មរបស់ USAID បានថ្លែងថាពិធីថ្ងៃនេះ គឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យុវជនកម្ពុជា។ ជាង៦០%នៃប្រជាជនកម្ពុជា គឺជាយុវជនដែលមានសក្ដានុពលសម្រាប់ប្រទេសជាតិ ក្នុងនោះផងដែរ គឺការចូលរួមក្នុងការអភិរក្ស និងកិច្ចគាំពារបរិស្ថាន។ USAID បានសហការជាមួយក្រសួងបរិស្ថានក្នុងយុទ្ធនាការផ្សព្វផ្សាយការផ្លាស់ប្ដូរឥរិយាបទសង្គមរបស់គម្រោងអនាគតបៃតង ក្រោមប្រធានបទ «ការកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារឹមពីឈើប្រណិត»។ លោកស្រីសូមអរគុណដល់ក្រសួងបរិស្ថាន ជាពិសេសឯកឧត្ដមរដ្ឋមន្រ្តី ក្នុងកិច្ចសហការល្អក្នុងវិស័យបរិស្ថាន យ៉ាងល្អកន្លងមក។
គួរឲ្យដឹងថា រូបវ័ន្តបុគ្គល នីតិបុគ្គល ដែលទទួបណ្ណសរសើរក្នុងពិធីនេះ មកពីអន្តរវិស័យ ទាំងវិស័យសាធារណៈ និងឯកជន សរុបចំនួន ៦៨រូប៕
ប្រភព៖ Ministry of Environment