អ្នកជំនាញក្នុងវិស័យអបរំ លើកទឹកចិត្តអ្នកអាណាព្យាបាលបញ្ចូនកូនមកសិក្សានៅថ្នាក់រៀនផ្ទាល់
ចុះឈ្មោះកូនគ្រប់អាយុចូលរៀន ដើម្បីទទួលការអប់រំដ៏ពេញលេញ ខណៈពេលការឆ្លងរីករាលដាលជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពធូរស្រាល រួមនឹងការរក្សាវិធានការណ៍សុវត្ថិភាពរបស់រាជរដ្ឋាភិបាល
ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិឆ្នាំសិក្សា២០២០-២០២១ នៅសាលារៀនវ៉េស្ទឡាញន៍សាខាសន្ធរម៉ុក កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប បានឲ្យដឹងថា នៅដើមឆ្នាំ២០២២ អត្រាសិស្សវិលត្រលប់ចូលរៀនក្នុងថ្នាក់ផ្ទាល់ និងចុះឈ្មោះចូលរៀនឡើងវិញមានចំនួនកើនឡើងជាលំដាប់ បន្ទាប់ពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មានភាពធូរស្រាលជាងមុន ប៉ុន្តែអត្រាកំណើននេះនៅមានចំនួនតិចតួច បើប្រៀបធៀបកាលពីមិនផ្ទុះជំងឺកូវីដ១៩ ។
ចំពោះស្ថានភាពសិស្សក្នុងអំឡុងនៃការផ្ទុះរីករាលដាលជំងឺកូវីដ១៩ លោកបានឲ្យដឹងថា កម្មវិធីកុមារតូចមានអត្រាបោះបង់ចោល និងព្យួរការសិក្សាមានចំនួនច្រើនជាងកម្មវិធីដទៃទៀត ដោយសារកុមារតូចពិបាកផ្ចង់អារម្មណ៍រៀនតាមប្រព័ន្ធអនឡាញ។ ម្យ៉ាងទៀតប្រាក់ចំណូលក្នុងក្រុមគ្រួសារមានការធ្លាក់ចុះ ឬបាត់បង់ ដែលអាណាព្យាបាលត្រូវបង្ខំចិត្តផ្អាកការសិក្សារបស់កូនមួយរយៈសិន។ សម្រាប់កម្មវិធីភាសាអង់គ្លេស និងចំណេះទូទៅខ្មែរវិញ ដែលជាសិស្សមានវ័យធំ ពួកគាត់អាចមានសមត្ថភាពប្រើបច្ចេកវិទ្យាអប់រំ និងអាចរៀនតាមប្រព័ន្ធអនឡាញ ហើយអត្រាសិស្សព្យួរការសិក្សាមានចំនួនតិចតួច។
លោកបានបន្ថែមទៀតថា វិធានការចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ ដូសទី១ ទី២ ទី៣ និងទី៤ ជូនដល់ប្រជាពលរដ្ឋ រួមនឹងការដាក់ចេញវិធានការសុវត្ថិភាពនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលទាន់ពេលវេលា ពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយអត្រាស្លាប់ និងជួយពង្រឹងភាពស៊ាំក្នុងសហគមន៍ថែមទៀតផង។ កត្តានេះបានអំណោយផលដល់សកម្មភាពប្រកបអាជីវកម្ម និងបំពេញការងាររប្រជាពលរដ្ឋជាប្រក្រតីឡើងវិញ ព្រមទាំងសិស្សានុសិស្សអាចមកសិក្សាផ្ទាល់នៅថ្នាក់រៀនជាបន្តបន្ទាប់ផងដែរ។
ដោយផ្អែកលើកត្តាប្រក្រតីខាងលើ រួមនឹងការរក្សានិងអនុវត្តវិធានការណ៍សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងស្ថាប័ននានា លោកបានជម្រុញលើកទឹកចិត្តដល់អាណាព្យាបាលបញ្ចូលកូនចាប់ពីអាយុ៣ឆ្នាំឡើង និងបានចាក់វ៉ាក់សាំងគ្រប់ដូស មកចុះឈ្មោះចូលរៀននៅគ្រឹះស្ថានអប់រំសាធារណៈ ឬឯកជនណាមួយក៏បាន ដើម្បីឲ្យកុមារទទួលបាននូវការអភិវឌ្ឍផ្នែកបញ្ហា និងស្មារតី ការអភិវឌ្ឍផ្នែករាងកាយ ការអភិវឌ្ឍផ្នែកភាសា និងទំនាក់ទំនង និងការអភិវឌ្ឍផ្នែកសង្គម និងអារម្មណ៍។
សូមជម្រាបថា សិស្សានុសិស្សនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេដ្យូខេសិន គ្រុប បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡងថ្ងៃ២៣ ខែសីហា ឆ្នាំ២០២១ មានចំនួនសរុប ៣៨០នាក់៕