សម្ដេចតេជោ ហ៊ុន សែន ចូលរួមសម្ដែងមរណៈទុក្ខចំពោះអ្នកស្លាប់នៅក្នុងឧបទ្ទេវហេតុឆេះកាស៊ីណូ ដាយមិនស៊ីធី នៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចូលរួម សម្ដែងមរណៈទុក្ខចំពោះអ្នកដែលបានស្លាប់នៅក្នុងឧបទ្ទេវហេតុឆេះកាស៊ីណូ ដាយមិនស៊ីធី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ការសម្ដែងមរណៈទុក្ខរបស់សម្ដេចតេជោនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០ ២២ ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ឧបទ្ទេវហេតុឆេះកាស៊ីណូ នេះគឺជាសោកនាដកម្មមួយដ៏អាក្រក់សម្រាប់ចុងឆ្នាំនេះដែលជាការគួរឱ្យសោកស្ដាយ។ សម្ដេចតេជោបានថ្លែងថា៖ «តាមការប៉ានស្មានអាចនឹងមានមនុស្សអាចស្លាប់រហូតដល់១៦នាក់ ប៉ុន្ដែយើងរកឃើញ ១២នាក់ មនុស្សនៅទីនោះមានជាង ១ពាន់នាក់ និងបុគ្គលិកជាង ៥០០នាក់។ អ្នករបួស ៧៣នាក់ ទាំងខ្មែរ និងបរទេស តាមការប៉ានស្មានស្លាប់ ១៦នាក់ ហើយរកឃើញ ១២នាក់ ឥឡូវយើងបន្ដរកទៀត។ នេះគឺជារឿងសោកនាកម្មមួយដែលបានកើតនៅក្នុងចុងឆ្នាំនេះ ដែលជារឿងអាក្រក់មួយ»។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា រាជរដ្ឋាភិបាលនឹងបំពាក់នូវសម្ភារដែល អាចអន្តរាគមន៍សង្រ្គោះអគារខ្ពស់ៗនៅពេលមានអគ្គិភ័យកើតឡើងដោយត្រូវបំពាក់រថយន្តដែរអាចបាញ់ពន្លត់ ភ្លើងនៅអគារខ្ពស់ៗបាន ។ សម្ដេចតេជោបន្ដថា ចំពោះឧបទ្ទេវហេតុឆេះកាស៊ីណូនេះ អាជ្ញាធរពាក់ព័ន្ធបាន គ្រប់គ្រងបានគិតត្រឹមយប់មិញនេះដោយមានការយករថយន្ដពន្លត់អគ្គិសភ័យរបស់ក្រសួងមហាផ្ទៃ ទៅជួយអន្ដរាគមន៍ផងដែរ។ សម្ដេចតេជោបានគូសបញ្ជាក់ថា ៖ «ខ្ញុំ សូមយកឱកាសនេះ សូមចូលរួមរមណៈទុក្ខជាមួយនឹងឧបទ្ទេវហេតុភ្លើងឆេះកាស៊ីណូ នៅប៉ោយប៉ែត ដែលមានមនុស្សស្លាប់ជាង ១០នាក់ និងរបួសរាប់សិបនាក់»។
សម្ដេចតេជោក៏បានអរគុណភាគីថៃដែលបានចូលរួមប្រតិបត្តិការជួយពន្លត់អគ្គិភ័យនឹងការសង្គ្រោះអ្នកនៅក្នុងឧបទ្ទេវហេតុនេះ។ សម្តេចតេជោក៏បានអរគុណចំពោះសម្ដេចក្រឡាហោម ស ខេង ដែលបានចុះទៅពិនិត្យ និងធ្វើការណែនាំ និងអរគុណដល់អាជ្ញាធរខេត្ដ និងសមត្ថកិច្ចទាំងអស់ដែលបានចូលរួមនៅក្នុងការដោះស្រាយបញ្ហាបានទាន់ពេលវេលា ។
សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានស្នើឱ្យមានការរៀបចំសណ្ដាប់ធ្នាប់នៅទីនោះ ដើម្បីឱ្យដំណើរការជាប្រក្រតីឡើងវិញនូវការចេញ-ចូល ដឹកជញ្ជូនទំនិញឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ៕
ប្រភព៖ ក្រសួងព័ត៌មាន