កម្ពុជាស្វាគមន៍ភ្ញៀវចិន១២៥នាក់មកពីក្រុងប៉េកាំងលើកដំបូង, រដ្ឋមន្ត្រីថានឹងប្រឹងទាក់ទាញទេសចរឱ្យបាន៨០ម៉ឺនទៅ១លាននាក់ក្នុងឆ្នាំ២០២៣
(ភ្នំពេញ)៖ កម្ពុជាបានរៀបចំការទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន១២៥នាក់ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារនេះជាជើងហោះហើរពីប៉េកាំងមកភ្នំពេញឡើងវិញលើកទី១ ក្រោយរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។
ការទទួលស្វាគមន៍នេះរៀបចំដោយក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា សមាគមទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា។
នាឱកាសនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរចិនដែលចុះមកក្នុងថ្ងៃនេះ គឺមានចំនួន១២៥នាក់ អ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងមកដើរលេងជាមួយមិត្តភក្តិធម្មតាខ្លះ។ ប្រតិបត្តិការហោះហើរនេះធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា «បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើងនឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ»។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិនគឺជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»។
គួរជម្រាបថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិនប្រមាណ២៥,០០០នាក់ដែរ ដែលមានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប១,៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១,១៧៨ជើង៕
ប្រភព៖ ក្រសួងទេសចរណ៍