វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០២២ ប្រារព្វឡើងក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ និងបង្កើតវិបុលភាពតំបន់”
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០២២ ក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ និងបង្កើតវិបុលភាពតំបន់” ជាលក្ខណៈពាក់កណ្តាលអនឡាញ ដោយប្រារព្វឡើងដោយផ្ទាល់នៅ រាជធានីភ្នំពេញ។
ក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Wu Guoquan អគ្គទីប្រឹក្សាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ព្រមទាំងតាមប្រព័ន្ធវីដេអូពីរដ្ឋធានីប៉េកាំង ក្រោមអធិបតីភាព ឯកឧត្តម Qian Keming អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិនដែលបានរៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០២២ ក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ និងបង្កើតវិបុលភាពតំបន់” ជាលក្ខណៈពាក់កណ្តាលអនឡាញ ដោយបានប្រារព្វឡើងដោយផ្ទាល់នៅ រាជធានីភ្នំពេញ។ វេទិកានេះ ក៏មានការចូលរួមដោយផ្ទាល់ ពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តំណាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគម វិស័យឯកជនកម្ពុជា-ចិនជាច្រើនរូប។
ថ្លែងក្នុងសុន្ទរកថាបើកវេទិកា ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ជាពិសេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល វិនិយោគិន ធុរជន និងប្រជាជនចិន ដែលតែងតែគាំទ្រដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តនូវគោលនយោបាយជាយុទ្ធសាស្ត្រ តាមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ចប្រទេសចិន និងការដាក់ចេញនូវយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលដើរតួនាទីជាគន្លឹះក្នុងការ ជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន ហើយទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន លើគ្រប់វិស័យត្រូវបានពង្រឹង និងពង្រីកជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសកម្ពុជា-ចិន ក្នុងនោះក្រោមក្របខ័ណ្ឌតំបន់ ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ ក្រោមក្របខ័ណ្ឌទ្វេភាគី កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីខែតុលា ឆ្នាំ២០២០ និងបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដែលបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះដែរ ឯកឧត្តម Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមាន សោមនស្សរីករាយដែលបានចូលរួមក្នុងវេទិកាធុរកិច្ច និងវិនិយោគចិន-កម្ពុជា តាមរយៈប្រព័ន្ធវីដេអូនេះ។ ក្នុងនាមក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តមអនុរដ្ឋមន្ត្រីសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ដែលបានចូលរួមវេទកាដ៏មានសារៈសំខាន់នេះ។
ឯកឧត្តមអនុរដ្ឋមន្ត្រីបន្តថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាត្រូវបានធ្វើឱ្យស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ ហើយការកសាងរួមគ្នានៃ "ខ្សែក្រវាត់ និងផ្លូវ" ត្រូវបានលើកកម្ពស់បន្ថែមទៀត ចំណែកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មជាក់ស្តែងទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។
ឯកឧត្តមអនុរដ្ឋមន្ត្រីបន្ថែមថា ចិនគឺនៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ហើយបានក្លាយជាគោលដៅនាំចេញអង្ករ និងចេកដ៏ធំបំផុតរបស់កម្ពុជា ជាក់ស្ដែងភាគីទាំងពីរបានសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ពាន់លានដុល្លារ ពីរឆ្នាំមុនពេលកំណត់។ កិច្ចសហប្រតិបត្តិការវិនិយោគរវាងភាគីទាំងពីរពាក់ព័ន្ធនឹងវិស័យជាច្រើនដូចជា កសិកម្ម ថាមពលអគ្គិសនី វាយនភណ្ឌ និងទំនាក់ទំនង ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាសចិនបានបង្កើតការងារប្រមាណ៣ម៉ឺនកន្លែងសម្រាប់តំបន់។
គួកត់សម្គាល់ថា ក្នុងវេទិកានេះ ក៏មានការធ្វើបទបង្ហាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ភាគីកម្ពុជាផងដែរ ដែលបទបង្ហាញទាំងនោះ ផ្ដោតលើប្រធានបទសំខាន់មួយចំនួន រួមមាន៖ ទី១-បទបង្ហាញស្តីពីស្ថានភាពទូទៅនៃសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ដោយថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មកម្ពុជា, ទី២-បរិយាកាស និងការលើកកម្ពស់គោលនយោបាយវិនិយោគកម្ពុជា ដោយប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទី៣-គុណសម្បត្តិនៃការនាំចេញផលិតផលកសិកម្ម ដោយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងទី៤-បរិយាកាសនៃការវិនិយោគនៅខេត្តព្រះសីហនុ ដោយអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បន្ទាប់មកទៀតក៏មានការធ្វើបទបង្ហាញពីវិស័យឯកជនរបស់ចិនដែលកំពុងធ្វើធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន