ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បង្ហាញពីជំហរ និងការទន្ទឹងរង់ចាំធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន
ភ្នំពេញ ៖ ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញពីជំហរ និងការទន្ទឹងរង់ចាំធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីផលប្រយោជន៍អាស៊ាន -អាមេរិក ជាពិសេសពង្រឹង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
យោងតាមលិខិតផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្មីៗនេះ ឯកឧត្តម ចូ បៃឌិន បានឱ្យដឹងថា ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់។
សហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេចំពោះនិម្មាបនកម្មតំបន់ ដែលមានអាស៊ានជាស្នូល និងដែលជា បេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
ឯកឧត្តមរំពឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានជ្រាបរួចហើយតាមរយៈឥណ្ឌូនេស៊ី ដែលជាប្រទេសសម្រប សម្រួល ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់ឯកឧត្ដម អញ្ជើញថ្នាក់ដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំ កំពូលពិសេសជាមួយសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន នាប៉ុន្មានខែខាងមុខនេះទៀត។
ឯកឧត្តមប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា លិខិតនេះគឺចង់ទាក់ទងទៅសម្តេចតេជោនាយករដ្ឋមន្ត្រីដោយផ្ទាល់ផងដែរ ដើម្បីគូសបញ្ជាក់ថា ឯកឧត្តមរង់ចាំស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅឱកាសដ៏ឆាប់ខាងមុខ។
ជាការឆ្លើយតបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានផ្ញើលិខិតបញ្ជាក់អំពីគោលបំណង អញ្ជើញសម្តេច និងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក បន្ថែមទៀត ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ។
ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោបានបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញានិងការគាំទ្រយ៉ាងពេញទំហឹង ចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ។ សម្តេច មានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយសម្រាប់យើងផ្លាស់ប្តូយោបល់គ្នា ថាតើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រីកចម្រើនទៅមុខបន្ថែមទៀត ។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ថា សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ចូ បៃឌិន និង ជួបជាមួយដោយ ផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន