[ទាន់ហេតុការណ៍] កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១០ករណីថ្មីទៀត សរុបកើនដល់៤៧ករណីហើយ
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន១០ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងកម្ពុជាកើនដល់៤៧នាក់ហើយ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី១៩ មីនា ២០២០ មុននេះបន្តិចថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន១០ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងកម្ពុជាកើនដល់៤៧នាក់ហើយ។
ករណីថ្មីនេះ កើតលើជនជាតិខ្មែរចំនួន៤នាក់ ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និង៦ករណីថ្មី ជាបុរសជនជាតិម៉ាឡេស៊ី។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ករណីថ្មីនេះ មាននៅខេត្តបាត់ដំបងចំនួន២ករណី ខេត្តកណ្តាលចំនួន១ករណី រាជធានីភ្នំពេញចំនួន១ករណី និងខេត្តកំពង់ចាមចំនួន៦ករណី។ ក្រុមការងារសុខាភិបាលកំពុងស្រាវជ្រាវករណីថ្មីជាបន្តទៀត។
សូមរម្លឹកផងដែរថា ត្រឹមម៉ោង ២១:០០ ថ្ងៃទី១៩ មីនា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់៤៧នាក់ ដោយក្នុងនោះស្រី ២នាក់ និងប្រុស ៤៥នាក់។ អ្នកឆ្លងវីរុសកូវីដ១៩ទាំងនោះរួមមាន ជនជាតិចិន ១នាក់ (នៅខេត្តព្រះស៊ីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ កាណាដា ១នាក់ ប៊ែលហ្ស៊ីក ១នាក់ បារាំង ២នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ ៤ខែ) ម៉ាឡេស៊ី ១១នាក់ ខ្មែរ ២៨នាក់ (ក្នុងនោះអ្នកដែលវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី ២៣នាក់ និងមានស្រ្តី ២នាក់ (មិនបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី) ជាភរិយាឆ្លងពីស្វាមី៕
ដោយ៖ ចាប មិថុនា