ស្របពេលផ្ទុះ COVID-19 តើអ្នកម្តាយគួរយកកូនទៅចាក់វ៉ាក់សាំងដែរឬទេ?

មានម៉ាក់ៗជាច្រើនបានលើកឡើងជាចម្ងល់ថា ដល់ថ្ងៃកំណត់គួរយកកូនទៅចាក់វ៉ាក់សាំងដែរឬទេ?

 
ស្របពេលផ្ទុះ COVID-19 តើអ្នកម្តាយគួរយកកូនទៅចាក់វ៉ាក់សាំងដែរឬទេ?
អ្នកម្តាយយកកូនទៅចាក់វ៉ាក់សាំង

 

បើមានជម្ងឺ COVID-19 កំពុង​ផ្ទុះ ចំពោះ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង ​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​អះអាង​ថា ត្រូវតែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ការ​កំណត់។លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា បើ​កូន​ដល់​កំណត់​ត្រូវតែមក​ចាក់ថ្នាំ​ឲ្យ​ទាន់​ពេល​វេលា ហើយ​ការ​ផ្ទុះ COVID-19 នេះ​មិន​ប៉ះពាល់​ចំពោះ​កូន​ឡើយ ព្រោះ​ពេល​យក​ទៅ​ចាក់​ពេទ្យ​តែង​ពាក់​ម៉ាស់ និង​ស្រោម​ដៃ​បាន​ត្រឹមត្រូវ។

 

មួយ​វិញ​ទៀត​បើ​យើង​ខ្លាច ត្រូវតែ​ប្រយ័ត្ន​ដោយ​នៅ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ដទៃ និង​យក​អ្វី​បិទបាំង ឬ​គ្របកូន​តូច ដូចជា​កន្សែង ក្រមា ចំពោះ​អ្នក​មាន​កូន​តូច​ៗ អាយុ ៦ ខែ​ចុះក្រោម។ចំពោះ​កូន ៦ ខែ​ឡើង​វិញ យើង​អាច​ពាក់​ម៉ាស់ ហើយ​ក្រោយ​ចាក់​ថ្នាំ​រួច មក​ដល់​ផ្ទះ​អាច​លាង​សម្អាត​ដៃ និង​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ចេញ ដើម្បី​ឲ្យ​អស់​ការ​សង្ស័យ។ ការ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន​តាម​ការ​កំណត់ ពិតជា​មាន​សារៈសំខាន់ ព្រោះ​មិន​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង និង​ជួយ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ទាន់​ពេល​វេលា។

វេជ្ជបណ្ឌិត​បាន​ឲ្យ​ដំបូន្មាន​ថា ទោះជា COVID-19 គួរឲ្យ​ខ្លាច​មែន តែ​បើ​យើង​ការពារ​បាន​ល្អ អត្រា​ឆ្លង​ក៏​ទាប​ដែរ ហើយ​គ្រាន់តែ​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​មិនមែន​ជា​ការ​ប្រថុយប្រថាន​អ្វី​នោះ​ទេ ព្រោះ​គ្រូពេទ្យ​មាន​អនាម័យ​ត្រឹមត្រូវ ហើយ​អ្នក​ជំងឺ​ផ្សេង​ៗ​ក៏​មិន​ស្ថិត​នៅ​ក្នុង​បន្ទប់​តែមួយ​ជាមួយ​កន្លែង​ចាក់​វ៉ាក់សាំង​ដែរ។

 ដោយ៖ ជា បញ្ញា