ស្លាប់១នាក់ និងរបួស១១នាក់ ក្នុងការបាញ់ប្រហារនៅទីក្រុងMinneapolis
ទីក្រុងMinneapolis៖ ក្រុមប៉ូលីសបានប្រាប់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្នុងការបាញ់ប្រហារនៅទីក្រុងMinneapolis នៃសហរដ្ឋអាមេរិក បានបណ្តាលឲ្យមានមនុស្សស្លាប់១នាក់ និងរងរបួស១១នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈរូបភាពដែលបានផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញឲ្យឃើញថា មានបុរសម្នាក់ដេកដួលទៅនឹងដី ហើយមនុស្សជាច្រើនទៀតរងរបួស និងស្រែករកជំនួយ ចំណែកឯកញ្ចក់ហាងអាជីវកម្មមួយចំនួន និងកញ្ចក់ឡានប៉ូលីសក៏បានបែកខ្ទេចខ្ទីផងដែរ។
បន្ថែមពីនេះទៅទៀត ប៉ូលីសបានបង្ហោះសារនៅបណ្តាញសង្គមTwitter ថាបុរសវ័យជំទង់ម្នាក់បានស្លាប់ ហើយ១១នាក់ទៀតរងរបួស ប៉ុន្តែគេមិនទាន់រកឃើញឃាតករ និងអត្តសញ្ញាណរបស់បុរស ដែល ត្រូវបានគេបាញ់សម្លាប់នៅឡើយទេ។
សូមបញ្ជាក់ផងដែរថា ទីក្រុងMinneapolis គឺជាកន្លែងដែលគេធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិ សាសន៏ និងទាមទារយុត្តិធម៌ឲ្យជនជាតិស្បែកខ្មៅ។
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ