ហេតុអ្វីបានជាច្រកសមុទ្រ Hormuz នៅតែបន្តជាប់គាំង ទោះបីជាមានកិច្ចអន្តរាគមន៍ពីអន្តរជាតិ?
វិបត្តិថាមពលពិភពលោកកំពុងឈានដល់ចំណុចគ្រោះថ្នាក់បំផុត ចាប់តាំងពីសង្រ្គាមរវាងសហរដ្ឋអាមេរិក-អុីស្រាអែល និងអុីរ៉ង់បានផ្ទុះឡើង ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ពិភពលោក ត្រូវបានបិទជិតទាំងស្រុង។
ការជាប់គាំងនេះបានរុញច្រានតម្លៃប្រេងឱ្យហក់ឡើងខ្ពស់រហូតដល់ ៥០%។ ប៉ុន្តែសំណួរដែលពិភពលោកកំពុងចោទសួរនោះគឺ៖ ហេតុអ្វីបានជាច្រកសមុទ្រនេះ នៅតែពិបាកក្នុងការការពារ និងបើកឡើងវិញ? អ្នកយកព័ត៌មានរបស់ Al Jazeera លោកស្រី Marah Rayan មានការពន្យល់ថា ៖
យោងតាមការវិភាគ ឧបសគ្គធំៗមាន ៣ ចំណុច៖
១. ភូមិសាស្ត្រយុទ្ធសាស្ត្រដ៏តូចចង្អៀត៖ ច្រកសមុទ្រ Hormuz មានទទឹងត្រឹមតែប្រហែល ៣៣ គីឡូម៉ែត្រប៉ុណ្ណោះនៅចំណុចដែលតូចបំផុត។ ភាពចង្អៀតនេះធ្វើឱ្យវាងាយស្រួលបំផុតសម្រាប់អ៊ីរ៉ង់ ក្នុងការប្រើប្រាស់កាំភ្លើងធំរយៈចម្ងាយឆ្ងាយ ដ្រូនអត្តឃាត និងមីស៊ីលការពារឆ្នេរ ដើម្បីវាយប្រហារលើនាវាដឹកប្រេងធំៗបានយ៉ាងងាយ។
២. សង្គ្រាមមីនក្រោមទឹក៖ អ៊ីរ៉ង់ត្រូវបានគេជឿថាបានដាក់ពង្រាយ "មីនសមុទ្រ" រាប់ពាន់គ្រាប់នៅក្នុងច្រកសមុទ្រនេះ។ ការបោសសម្អាតមីនទាំងនេះត្រូវការពេលវេលាយូរ និងបច្ចេកវិទ្យាខ្ពស់បំផុត ហើយដរាបណាមីននៅតែមាន នោះគ្មានក្រុមហ៊ុនធានារ៉ាប់រងនាវាណាមួយ ហ៊ានអនុញ្ញាតឱ្យនាវាដឹកប្រេងឆ្លងកាត់នោះទេ។
៣. សមត្ថភាពវាយប្រហារមិនសមាមាត្រ (Asymmetric Warfare)៖ ទោះបីជាអាមេរិកមាននាវាផ្ទុកយន្តហោះយក្សក៏ដោយ ប៉ុន្តែអ៊ីរ៉ង់ប្រើប្រាស់យុទ្ធសាស្ត្រ "ហ្វូងដ្រូន" និង "អូប័រល្បឿនលឿន" ដែលមានតម្លៃថោកតែមានប្រសិទ្ធភាពខ្ពស់។ ការណ៍នេះធ្វើឱ្យកម្លាំងចម្រុះអន្តរជាតិ ពិបាកក្នុងការពារនាវាដឹកទំនិញគ្រប់គ្រឿង ពីការវាយប្រហារដែលមកពីគ្រប់ទិសទី។
ផលវិបាកសកល ដរាបណាច្រកសមុទ្រនេះមិនទាន់អាចធានាសុវត្ថិភាពបាន ១០០% ទេ ទីផ្សារប្រេងពិភពលោកនឹងនៅតែបន្តមានភាពវឹកវរ។ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនកំពុងរងគ្រោះខ្លាំងជាងគេ ដោយសារថ្លៃដឹកជញ្ជូន និងតម្លៃទំនិញសព្វសារពើបានហក់ឡើងតាមតម្លៃប្រេង។




ប្រភព៖ Al Jazeera English


















