នាវាម៉ាឡេស៊ីទទួលបានការអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីកិច្ចចរចាជាមួយអុីរ៉ង់
ដំណឹងល្អសម្រាប់ម៉ាឡេស៊ី ខណៈដែលវិបត្តិថាមពល និងការដឹកជញ្ជូនកំពុងអង្រួនពិភពលោក លោកនាយករដ្ឋមន្ត្រី Anwar Ibrahim បានប្រកាសជាផ្លូវការថា នាវាដឹកទំនិញ និងនាវាដឹកប្រេងរបស់ម៉ាឡេស៊ី នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។
លទ្ធផលនៃកិច្ចចរចា៖ លោក Anwar Ibrahim បានបញ្ជាក់ថា ការសម្រេចចិត្តនេះកើតចេញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលទីក្រុងតេអេរ៉ង់។ អ៊ីរ៉ង់បានយល់ព្រមលើកលែងការរឹតបន្តឹងចំពោះនាវាម៉ាឡេស៊ី ដោយចាត់ទុកម៉ាឡេស៊ីជា "ប្រទេសមិត្តដ៏ជិតស្និទ្ធ" និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់។
ក្នុងពេលដែលនាវាពីបណ្តាប្រទេសលោកខាងលិចកំពុងប្រឈមនឹងការវាយប្រហារ ឬការរាំងខ្ទប់ នាវាម៉ាឡេស៊ីនឹងមិនត្រូវបានតម្រូវឱ្យបង់ថ្លៃសេវាសន្តិសុខខ្ពស់ ឬរងការឆែកឆេរតឹងរ៉ឹងដូចនាវាដទៃទៀតនោះទេ។ នេះគឺជាការសម្រាលបន្ទុកយ៉ាងខ្លាំងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញរបស់ម៉ាឡេស៊ី។
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ការសម្រេចចិត្តនេះនឹងជួយឱ្យតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសម៉ាឡេស៊ីមានស្ថិរភាពឡើងវិញ បន្ទាប់ពីបានហក់ឡើងខ្ពស់ដោយសារការបិទច្រកសមុទ្រ Hormuz កាលពីពេលថ្មីៗនេះ។
អ្នកវិភាគយល់ឃើញថា ជោគជ័យនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រការបរទេស "អព្យាក្រឹត" របស់លោក Anwar Ibrahim ដែលអាចរក្សាទំនាក់ទំនងបានល្អទាំងជាមួយមហាអំណាចលោកខាងលិច និងប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ទោះជាយ៉ាងណាក៏ដោយ លោក Anwar ក៏បានអំពាវនាវឱ្យគ្រប់ភាគីជម្លោះទាំងអស់មានការអត់ធ្មត់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីជៀសវាងការប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោកកាន់តែធ្ងន់ធ្ងរ៕



ប្រភព៖ Aljazeera


















