ក្រុមហ៊ុន Ford ប្រកាសខាតប្រាក់ជិត២ពាន់លានដុល្លារក្នុងត្រីមាសទី១

ក្រុមហ៊ុនហ្វតម៉ូទ័រ (Ford Motor) បានប្រកាសពីការខាតបង់ទឹកប្រាក់ប្រមាណជិត ២ ពាន់លានដុល្លារនៅត្រីមាសទី១ ក្នុងឆ្នាំនេះ ដោយសារតែវិបត្តិកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន NHK ដែលបានចុះផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០។

 
ក្រុមហ៊ុន Ford ប្រកាសខាតប្រាក់ជិត២ពាន់លានដុល្លារក្នុងត្រីមាសទី១
ក្រុមហ៊ុន Ford ប្រកាសខាតប្រាក់ជិត២ពាន់លានដុល្លារក្នុងត្រីមាសទី១
ក្រុមហ៊ុន Ford ប្រកាសខាតប្រាក់ជិត២ពាន់លានដុល្លារក្នុងត្រីមាសទី១

 

ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកនេះបានប្រកាសកាលពីថ្ងៃអង្គារថា ចំនួនរថយន្តដែលបានលក់នៅអាមេរិកខាងជើងចន្លោះពីខែមករា ដល់មីនាបានធ្លាក់ចុះ ១៨% ខណៈពេលដែលតួលេខលក់នៅប្រទេសចិនបានធ្លាក់ចុះ ២៩% និងនៅប៉ែកអឺរ៉ុបបានធ្លាក់ចុះ ២៥%។

ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួនបានលក់រថយន្តចំនួន ១,១២ លានគ្រឿងនៅទូទាំងពិភពលោកក្នុងរយៈពេល ៣ខែនេះ ពោលគឺធ្លាក់ចុះ ២១%។ បន្ថែមពីនេះក្រុមហ៊ុនក៏បានចុះកត់ត្រាការខាតបង់ដែលមានទំហំទឹកប្រាក់ប្រមាណ ១,៩៩ ពាន់លានដុល្លារផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Ford បានព្យាករណ៍ថាខ្លួននឹងខាតបង់ទឹកប្រាក់បន្ថែមទៀតប្រមាណ ៥ពាន់លានដុល្លារក្នុងត្រីមាសទី២ រហូតដល់ខែមិថុនា ដោយសារតែរោងចក្រផលិតបានបិទទ្វាបណ្តោះអាសន្ន និងការលក់ធ្លាក់ចុះ។ ក្រុមហ៊ុនមិនបានប្រកាសឡើយពីការព្យាករណ៍អំពីប្រាក់ចំណូលសម្រាប់ឆ្នាំនេះទេ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនលំដាប់ពិភពលោកនេះបានប្រឈមការលក់ធ្លាក់ចុះយ៉ាងគំហុកស្របពេលដែលមានវិបត្តិកូវីដ១៩ទូទាំងសកល។ ក្រុមហ៊ុនបានផ្អាកប្រតិបត្តិការរោងចក្រ និងបិទការិយាល័យតាំងលក់ ដើម្បីសុវត្ថិភាពបុគ្គលិកបញ្ចៀសពីវីរុសកូរ៉ូណា៕

 

 ប្រភព៖ NHK ប្រែ​សម្រួល៖ ជា បញ្ញា