មន្រ្តីស្នូលសហរដ្ឋអាមេរិកជំរុញឲ្យលីបង់បង្ហាញការតាំងចិត្តធ្វើកំណែទម្រង់

ទីក្រុងឌូបៃ៖ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយអារ៉ាប៊ីសាអូឌីតឈ្មោះ Al Arabiya បានឲ្យដឹងថា មន្រ្តីទូតជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកមជ្ឈឹមបូព៌ាបានជំរុញឲ្យលីបង់ប្តេជ្ញាចិត្តធ្វើកំណែទម្រង់ ដើម្បីទទួលបានជំនួយអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

 
មន្រ្តីស្នូលសហរដ្ឋអាមេរិកជំរុញឲ្យលីបង់បង្ហាញការតាំងចិត្តធ្វើកំណែទម្រង់

សូមបញ្ជាក់ផងដែរថា ប្រទេសលីបង់កំពុងប្រឈមជាមួយការដោះស្រាយការតវ៉ាដែលផ្ទុះឡើងជាថ្មី បន្ទាប់ពីវិបត្តិនៃការដួលរលំរូបិយប័ណ្ណរបស់ខ្លួន បញ្ហាអតិផរណា និងកំណើននៃអត្រាអ្នកអត់ការងារ    ធ្វើ។ ជាងនេះទៅទៀត ស្ថានភាពនៃវិបត្តិហិរញ្ញវត្ថុ រឹតតែដុនដាបខ្លាំងឡើង ដោយសារការបិទប្រទេស ដើម្បីជៀសពីការរីករាលដាលនៃវីរុសកូវីដ១៩។

សូមបញ្ជាក់ផងដែរថា តាមរយៈកិច្ចសម្ភាន៍ជាមួយទូរទស្សន៍ Al Hadath លោក ដេវីឌ ស្សែនឃើ (David Schenker)  ជំនួយការលេខាធិការសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការក្បែរប៉ែកខាងកើតបានសង្កត់ធ្ងន់អំពីកំណែទម្រង់នានាលើប្រព័ន្ធគ្រប់គ្រងអំណាច គយ ទូរគមនាគមន៍ និងការប្រមូលពន្ធជាដើម។

រដ្ឋាភិបាលលីបង់ ដែលបង្កើតឡើងកាលពីខែមករា គាំទ្រដោយចលនាហេសបូឡាមានអ៊ឺរ៉ងនៅពីក្រោយ បានតស៊ូធ្វើកំណែទម្រង់សេដ្ឋកិច្ច ទាមទារដោយម្ចាស់ជំនួយបរទេស។ ដោយឡែកសហរដ្ឋអាមេរិកវិញបានចាត់ទុកចលនាហេសបូឡាថាជាក្រុមភេរវករ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសហរដ្ឋអាមេរិកក៏បានស្វាគមន៍ចំពោះបទឈប់បាញ់ធ្វើឡើងដោយ    សម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងចលនាហ៊ូទីនៅយេម៉ែន គាំទ្រដោយ សម្ព័ន្ធមិត្តអ៊ីរ៉ង់អស់រយៈពេលជាង៥ឆ្នាំហើយ។ បទឈប់បាញ់នេះធ្វើឡើងដោយសារការរីករាលដាលជាសកលនៃវីរុសកូវីដ១៩ និងជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិដើម្បីសន្តិភាព៕

 

ប្រភព៖ Reuters ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ