លោកជំទាវ ពេជ ចន្ទមុន្នី ៖ ថ្ងៃនេះព្រះច័ន្ទរះពេញវង់ល្អណាស់ អ្នកជំងឺ Covid ចំនួន ៨៣៤នាក់ បានជាសះស្បើយ
ភ្នំពេញ៖ មុននេះបន្តិច លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានសរសេរថា ថ្ងៃនេះព្រះចន្ទ័រះពេញវង់ល្អណាស់ ហើយក៏ជាថ្ងៃដែលល្អពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាល Covid កោះពេជ្រ ចំនួន ៨៣៤នាក់ បានជាសះស្បើយនិងត្រូវធ្វើចត្តាលីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត។
យោងតាមហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះព្រះចន្ទ័រះពេញវង់ល្អណាស់ ហើយក៏ជាថ្ងៃដែលល្អពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាល Covid កោះពេជ្រ ចំនួន ៨៣៤នាក់ បានជាសះស្បើយនិងត្រូវធ្វើចត្តាលីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត។ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងCovid 19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនេះ។
សូមអបអរដល់បងប្អូនដែលបានជាសះស្បើយនិងសូមជូនពរដល់បងប្អូនដែលនៅបន្តការព្យាបាលនេះឆាប់ជានឹងអាចត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។
ប៉ុន្តែខ្ញុំសូមផ្តាំផ្ញើរដល់បងប្អូនដែលបានជាសះស្បើយហើយត្រលប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វើចត្តាឡីស័កនៅផ្ទះបន្តនិងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣»។ ប្រភព: ក្រសួងព័ត៌មាន