តើប្រទេសណាខ្លះដែលនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ ?
មកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បាននិងកំពុងតែដំណើរការ ដោយនៅក្នុងនោះ មន្រ្តីជាន់ខ្ពស់អាស៊ានបានមកដល់ ខណៈដែលគណៈប្រតិភូប្រទេសជាដៃគូសន្ទនាអាស៊ាននានា កំពុងតែមកដល់ជាបន្តបន្ទាប់ ដោយសរុបរួមមាន អាស៊ាន ៩ ប្រទេស ប្រទេសដៃគូសន្ទនាជាមួយនឹងអាស៊ាន ១១ ប្រទេស ប្រទេសដៃគូសន្ទនាតាមវិស័យ ៤ ប្រទេស ប្រទេសដៃគូអភិវឌ្ឍ មាន ៤ ប្រទេស បណ្តាប្រទេសដែលជាសមាជិកនៃកិច្ចប្រជុំវេទិកាតំបន់អាស៊ាន និង ប្រទេសជាភ្ញៀវរបស់ប្រធានអាស៊ាន ។ល។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសដោយខ្លីថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមនៅភ្នំពេញនៅក្នុងទម្រង់ជារូបវ័ន្ត។ ឯកឧត្តមបានបញ្ជាក់ថា "មន្រ្តីជំនាញ និងបុគ្គលិកពាក់ព័ន្ធទាំងឡាយប្រាកដជាបាន និងកំពុងដុតដៃដុតជើងពេញមួយសប្តាហ៍នេះ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ យើងស្នើសុំការយោគយល់ពីបងប្អូនកូនក្មួយនៅភ្នំពេញទាំងអស់ ចំពោះការកកស្ទះចរាចរណ៍ និងការរៀបចំបដិសណ្ឋារកិច្ចនានា" ។
ឯកឧត្តមក៏បានបន្ថែមទៀតថា កាតព្វកិច្ចម្តងក្នុងមួយទស្សវត្សរ៍នេះ នឹងក្លាយជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់កម្ពុជាក្នុងនាមជាសមាជិកអាស៊ាន ក៏ដូចជាតួអង្គយ៉ាងសកម្មនៅក្នុងតំបន់នេះ។
ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មកដល់ពេលនេះ មានកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនបានចាប់ផ្តើមដំណើរការជាបន្តបន្ទាប់ ដោយរួមមាន កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន ដឹកនាំដោយ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ាន នៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍អាស៊ាន ក្រោមការដឹកនាំដោយឯកឧត្តម យៀប សំណាង ឯកអគ្គរាជទូត នៃស្ថានតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំលេខាធិការដ្ឋានអាស៊ាន។ ក្រៅពីនេះ ក៏មានកិច្ចប្រជុំគណៈប្រតិភូនៃគណៈកម្មាធិការតាក់តែងសេចក្តីព្រាងឯកសារនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ដែលដឹកនាំដោយ ឯកឧត្តម ស៊ឹម វីរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាដើម។
ក្រៅពីកម្ពុជាដែលជាម្ចាស់ផ្ទះ គណៈប្រតិភូដែលបានមកដល់ និងគ្រោងមកដល់នៅក្នុងពេលខាងមុខ គឺមាន ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម។ ក្រៅពីនោះរួមមានទីម័រខាងកើត កូរ៉េខាងត្បូង ឥណ្ឌា អាមេរិក ណូវែលហ្សេឡង់ អារ៉ាប់អេមីរ៉ាត សហគមន៍អឺរ៉ុប កាតា តួកគី ដាណឺម៉ាក ចិន កាណាដា ស្វីស អង់គ្លេស រុស្ស៊ី ជប៉ុន អូស្រ្តាលី ប៉ាគីស្ថាន ម៉ុងហ្គោលី បង់ក្លាដេស កូវ៉េខាងជើង អាហ្សេបៃហ្សង់ ម៉ារ៉ុក ក្រិក ន័រវេស ស្រីលង្កា ហូឡង់ អូម៉ង់ និងប៉ាពូអាស៊ីនូវែលហ្គីណេ៕
ប្រភព៖ ក្រសួងព័ត៌មាន