[COVID-19] កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយ៨នាក់ និងរកឃើញករណីឆ្លងថ្មីតែ១នាក់ប៉ុណ្ណោះ ថ្ងៃទី២៩ មីនា ២០២០

កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន៨ករណី ខណៈរកឃើញអ្នកឆ្លងតែ១ករណីប៉ុណ្ណោះថ្ងៃទី២៩ មីនា ២០២០នេះ។

 
[COVID-19] កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយ៨នាក់ និងរកឃើញករណីឆ្លងថ្មីតែ១នាក់ប៉ុណ្ណោះ ថ្ងៃទី២៩ មីនា ២០២០

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៩ មីនា ២០២០ មុននេះបន្តិចថា កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន៨ករណី ខណៈរកឃើញអ្នកឆ្លងតែ១ករណីប៉ុណ្ណោះថ្ងៃទី២៩ មីនា ២០២០នេះ។

ករណីជាសះស្បើយទាំង៨នាក់ ក្នុងនោះ៥នាក់នៅមន្ទីរពេទ្យខ្មែរសូវៀត ជនជាតិអង់គ្លេស២នាក់ ជនជាតិបារាំង១នាក់ និងជនជាតិខ្មែរ២នាក់ ខណៈអ្នកជា៣នាក់ទៀតនៅខេត្តបាត់ដំបង កំពង់ឆ្នាំង និងព្រះវិហារ។ ដោយឡែកអ្នកឆ្លងវីរុសកូវីដ១៩ថ្មី១ករណីនេះ កើតនៅខេត្តបន្ទាយមានជ័យ។

គិតត្រឹមម៉ោង ៩:០០ ព្រឹកថ្ងៃទី២៩ មីនា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន១០៣នាក់ ដោយក្នុងនោះស្រី ២៨នាក់ និងប្រុស ៧៥នាក់ ហើយមានករណីជាសះស្បើយសរុបចំនួន២១នាក់ ក្នុងនោះមានជនជាតិខ្មែរ១៦នាក់ និងជនបរទេស៥នាក់ គិតពីខែមករា រហូតមកទល់ពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា ខណៈនេះ អ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៨២នាក់ នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។

តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋ​ កុំប្រើប្រាស់ឧបករណ៍តេស្តរហ័សរកវីរុសកូវីដ១៩ (Rapid Test) ជាមធ្យោបាយក្នុងការរកវីរុសកូវីដ១៩ដោយខ្លួនឯងឲ្យសោះ ដោយសារបច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតមកទល់ពេលនេះនៅមិនទាន់មានឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក អំពីភាពត្រឹមត្រូវ និងប្រសិទ្ធិភាពនៃការធ្វើតេស្តរហ័សវីរុសកូវីដ១៩នៅឡើយទេ ជាពិសេសប្រសិទ្ធិភាពនៃការធ្វើតេស្តរហ័សបែបនេះគឺនៅទាបណាស់ ហើយក៏មានលទ្ធផលមិនច្បាស់លាស់ច្រើនណាស់ដែរ៕  

ដោយ៖ ចាប មិថុនា