តម្លៃប្រេងពិភពលោកបន្តហក់ឡើងខ្ពស់ ក្រោយកិច្ចចរចាសន្តិភាពអាមេរិក-អុីរ៉ង់ មានភាពរអាក់រអួល
ទីផ្សារថាមពលសកលនៅថ្ងៃច័ន្ទនេះ បានបង្ហាញនូវការប្រែប្រួលយ៉ាងខ្លាំង ដោយតម្លៃប្រេងបានបន្តហក់ឡើងខ្ពស់បន្ថែមទៀត។
ការកើនឡើងនេះកើតឡើងចំពេលដែលកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ ហាក់ដូចជាកំពុងឈានដល់ភាពទាល់ច្រក ដែលបង្កជាក្តីបារម្ភកាន់តែខ្លាំងដល់វិនិយោគិន និងអ្នកប្រើប្រាស់ជុំវិញពិភពលោក។យោងតាមរបាយការណ៍សេដ្ឋកិច្ចចុងក្រោយពី Al Jazeera តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងបន្ថែមទៀត ខណៈដែលក្តីសង្ឃឹមនៃការឈានទៅរកកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងកាន់តែមានភាពស្រពិចស្រពិល។ មូលហេតុចម្បងដែលរុញច្រានតម្លៃប្រេងឱ្យឡើងថ្លៃនាពេលនេះ គឺដោយសារតែទីផ្សារមានការភ័យខ្លាចចំពោះការរអាក់រអួលនៃការផ្គត់ផ្គង់ចេញពីតំបន់មជ្ឈិមបូព៌ា ជាពិសេសបន្ទាប់ពីអ៊ីរ៉ង់បានបង្ហាញជំហររឹងត្អឹង និងងាកទៅរកការគាំទ្រពីមហាអំណាចរុស្ស៊ី។
ទន្ទឹមនឹងនេះ ការបន្តបិទខ្ទប់ផ្លូវទឹកនៅច្រកសមុទ្រ Hormuz និងការប្រកាសស្ថានភាពអាសន្នលើការដឹកជញ្ជូនពីសំណាក់ប្រទេសផលិតប្រេងធំៗមួយចំនួន បានធ្វើឱ្យតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់ស្ថិតក្នុងសភាពគ្រោះថ្នាក់។ អ្នកវិភាគសេដ្ឋកិច្ចព្រមានថា ប្រសិនបើគ្មានដំណោះស្រាយផ្នែកការទូតជាបន្ទាន់ទេ តម្លៃប្រេងអាចនឹងបន្តកើនឡើងដល់កម្រិតមួយដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕
ប្រភព៖Aljazeera


















