អាជ្ញាធរខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយខេត្តស្រះកែវ ប្រទេសថៃ ដើម្បីជំរុញឲ្យមានដំណើរសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារជំងឺកូវីដ១៩
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឧត្តម សេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តស្រះកែវ ដែលដឹកនាំដោយ ឯកឧត្តម កៀត ពិស័ក្ដិចាន់ថ្រា អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សាការជំរុញឲ្យមានដំណើរសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ នៅតាមច្រកទ្វារព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំពិភាក្សានេះដែរប្រព្រឹត្តទៅនៅចំណុចព្រំប្រទល់លើស្ពានច្រកទ្វារព្រំដែនភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា នឹងច្រកអន្តរជាតិខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះដែរ គឺផ្ដោតសំខាន់ទៅលើការបន្ធូរបន្ថយច្បាប់ស្ដីពីការគ្រប់គ្រងស្ថានការក្នុងគ្រាអាសន្ននៅក្នុងប្រទេសថៃ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការចូលទៅធ្វើការ និងប្រកបអាជីវកម្មវិញបាន ក្រោយពេលដែលមានការផ្អាកជាបណ្ដោះអាសន្នក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩បានផ្ទុះឡើងនៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា ជាពិសេសដើម្បីសម្រួលដល់ការស្ដារសេដ្ឋកិច្ចឡើងវិញនៃប្រទេសទាំងពីរ ក្រោយទទួលរងគ្រោះនូវវិបត្តិកូវីដ-១៩នេះឡើង ហើយកិច្ចប្រជុំនេះមានរបៀបវារៈចំនួន០៣ សំខាន់៖
១-ឱ្យពលករកម្ពុជាចូលមកធ្វើការប្រមូលផលិតផលកសិកម្ម នៅប្រទេសថៃ
២-ឱ្យអាជីវករកម្ពុជាចូលមកប្រទេសថៃ ដើម្បីប្រកបអាជីវកម្មនៅក្នុងផ្សាររោងក្លឿ (ខាងខេត្តបន្ទាយមានជ័យ)
៣-បើកដំណើរការស្ពានមិត្តភាព ណងអៀន-ស្ទឹងបត់ (ខាងខេត្តបន្ទាយមានជ័យ )។
ក្រោយពីធ្វើការពិភាក្សារួចមក ភាគីកម្ពុជា និងភាគីថៃ បានសម្រេចលទ្ធផលដូចជា :
ទី១ ខេត្តបាត់ដំបង ស្នើឲ្យភាគីខេត្តស្រះកែវ អនុវត្តវិធានការសុខាភិបាល ចត្តាឡីស័ក១៤ថ្ងៃ នៅប្រទេសថៃដល់ប្រជាពលរដ្ឋកម្ពុជាមុននឹងចូលទៅធ្វើការធម្មតា ដែលក្នុងនោះភាគីខាងខេត្តស្រះកែវ បានធ្វើការឯកភាពគ្នា ហើយថៅកែដែលយកប្រជាពលរដ្ឋខ្មែរទៅធ្វើការ គឺជាអ្នកធានាសុខភាព និងរ៉ាប់រងថ្លៃចំណាយទាំងអស់ក្នុងកំឡុងពេលធ្វើចត្តាឡីស័ក។
ទី២ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការស្នើសុំដល់ភាគីខេត្តស្រះកែវ ស្នើឱ្យបន្ថែមពេលវេលាបើកច្រកព្រំដែនអន្តរជាតិភ្នំដី (ពីម៉ោង៦ ព្រឹកដល់ម៉ោង ៦ ល្ងាច ទៅជាម៉ោង ៦ ព្រឹកដល់ម៉ោង១០យប់វិញ ភាគីខេត្តស្រះកែវ ទទួលយកសំណើរ និងយកទៅពិភាក្សាបន្ថែម)
ទី៣គឺ ក្នុងករណីពលករកម្ពុជាមានជំងឺ ឬ វិជ្ជមានកូវីដ-១៩ ស្នើឲ្យភាគីខេត្ត ទទួលរាប់រ៉ងព្យាបាល (ដោយភាគីខេត្តស្រះកែវ មិនទាន់ឆ្លើយតប និងយកទៅពិភាក្សាបន្ថែម)
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំពិភាក្សានេះ ភាគីខេត្តស្រះកែវ បានរៀបចំព្រាងកំណត់ហេតុរួមមួយ ដោយមានការចុះហត្ថលេខាបីភាគី មានខេត្តស្រះកែវ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយឡែកខេត្តបាត់ដំបង និងបន្ទាយមានជ័យ ស្នើសុំយកពង្រាងកំណត់ហេតុរួមនេះ មកពិនិត្យជាមុនសិន និងចំណុចដែលខេត្តមិនអាចសម្រេចបានខេត្តនឹងស្នើសុំគោលកាណ៍ទៅក្រសួងមហាផ្ទៃជាមុនសិន៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង