ក្រសួងអប់រំដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃការបង្រៀនអនឡាញថ្នាក់ “Think! Think!” តាមរយៈគម្រោង JICA
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីដាក់ប្រើប្រាស់ជាផ្លូវការនូវកម្មវិធីបង្រៀនថ្នាក់ Think! Think! ក្នុងគោលដៅផ្ដល់ឱកាសសិក្សាដល់កុមារតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីលើកកម្ពស់ការគិត បង្កើន IQ និងសមត្ថភាពគណិតវិទ្យារបស់កុមារ។
កម្មវិធីបើកដំណើរការជាផ្លូវការនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះឯកឧត្ដមបានមានប្រសាសន៍ថា Think! Think! ជាកម្មវិធីសិក្សាដ៏ល្អ ជួយបង្កើន IQ ជំនួយដល់ការគិតបានស៊ីជម្រៅ និងបំណិនផ្នែកសង្គមរបស់កុមារ។ ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងជំងឺកូវីដ១៩ កុមារអាចរីករាយក្នុងការសិក្សាកម្មវិធីនេះដោយខ្លួនឯងជាមួយសមាជិកគ្រួសារនៅតាមផ្ទះ។
សូមជម្រាបថា កម្មវិធីសិក្សា Think! Think! កំពុងផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក Moeys Cambodia និង Krou Cambodia របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានរយៈពេលបីថ្ងៃក្នុងមួយសប្ដាហ៍ មានថ្ងៃចន្ទ ពុធ និងសុក្រ វេលាម៉ោង៥:០០-៥:៣០ល្ងាច ដោយកម្មវិធីបង្រៀនមានជាល្បែងល្បងប្រាជ្ញាថ្មីៗប្រមាណ១៥០០០ប្រភេទ។ ជាងនេះទៅទៀតនោះ ដើម្បីជួយដល់កុមារដែលមិនមានអ៊ីនធឺណិតនៅតាមផ្ទះ កម្មវិធីសិក្សា Think! Think! គ្រោងនឹងចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍តេជោធីវី ក្នុងពេលឆាប់ៗខាងមុខ៕