ពិព័រណ៌សាច់សុនខប្រចាំឆ្នាំរបស់ប្រទេសចិនកំពុងប្រព្រឹត្តិឡើង
ទីក្រុងសៀងហៃ៖ ពិព័រណ៏សាច់សុនខដ៏ល្បីនៅទីក្រុងយូលីននៃប្រទេសចិនកំពុងប្រព្រឹត្តិឡើង ដែលប្រឆាំងនឹងយុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពសត្វ និងការកាត់បន្ថយហានិភ័យចំពោះសុខភាព ដែលត្រូវបានគេកត់សម្គាល់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ប៉ុន្តែក្រុមសកម្មជនសង្ឃឹមថា វានឹងបញ្ចប់ក្នុងពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ពិធីបុណ្យប្រចាំឆ្នាំដែលមានរយៈពេល១០ថ្ងៃ នៅភាគនិរតីទីក្រុងយូលីន ទាក់ទាញអ្នកទស្សនារាប់ពាន់ នាក់ ភ្ញៀវទេសចរទាំងនោះភាគច្រើនទិញសត្វសុនខ ដែលដាក់តាំងនៅក្នុងទ្រុងតូចៗ។
ក្រុមអ្នកធ្វើយុទ្ធនាការបាននិយាយថា ចំនួនភ្ញៀវទេសចរ ដែលមកទស្សនាការតាំងពិព័រណ៏នៅឆ្នាំនេះ មានការធ្លាក់ចុះ ហើយក្រុមអ្នកធ្វើយុទ្ធនាការសង្ឃឹមថា ឆ្នាំនេះ គឺជាឆ្នាំចុងក្រោយនៃការប្រារព្ធពិធីនេះ។
យ៉ាងណាមិញ រដ្ឋាភិបាលចិនកំពុងបង្កើតច្បាប់ថ្មីដើម្បីហាមឃាត់អំពើជួញដូរសត្វព្រៃ ព្រមទាំងថែរក្សា ការពារសត្វចិញ្ចឹមផងដែរ។
គួរបញ្ជាក់ផងដែរថា ការពិព័រណ៏សាច់សុនខបានប្រព្រឹត្តិឡើងច្រើនឆ្នាំមកហើយ ដោយសត្វសុនខ ជាង១០,០០០ក្បាលត្រូវបានគេសម្លាប់ ហើយបរិភោគ៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ