សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ភ្នំពេញ: នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សូមបញ្ជាក់ផងដែរថា នៅពេលនេះការដ្ឋានសាសង់ព្រលានយន្តហោះថ្មីគឺសម្រេចបានប្រមាណ ៣០% ហើយ។
អាកាសយានដ្ឋានថ្មីនេះជាប្រភេទ 4F ដែលអាចអោយយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។
ដោយសង្ឃឹមថាកម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងចំនួនទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចជាស្ថាពរនៅឆ្នាំ២០២៣ ខាងមុខនេះ។
សូមរម្លឹកផងដែរថា មកទល់ពេលនេះកម្ពុជាមានអាកាសយានដ្ឋានចំនួន ៥ ខេត្ត រាជធានី ដែលបានសាងសង់រួច និងកំពុងបន្តសាងសង់ ដូចជា ខេត្តព្រះស៊ីហនុ ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកណ្តាល និងរាជធានីភ្នំពេញ ៕