រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ជួបពិភាក្សាជាមួយសមភាគីអុីរ៉ង់ ជុំវិញវិបត្តិនៅមជ្ឈិមបូព៌ា
ស្របពេលដែលភាពតានតឹងរវាងអាមេរិក និងអុីរ៉ង់ កំពុងស្ថិតក្នុងសភាពប្រុងប្រយ័ត្នខ្ពស់ ទីក្រុងប៉េកាំងបានបង្ហាញតួនាទីយ៉ាងសកម្មនៅក្នុងឆាកនយោបាយមជ្ឈិមបូព៌ា។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកដំណោះស្រាយចំពោះវិបត្តិដែលកំពុងកើតមាន។
យោងតាមការចុះផ្សាយរបស់ Channel News Asia ជំនួបរវាងប្រមុខការទូតនៃប្រទេសទាំងពីរ មានគោលបំណងសំខាន់លើការរឹតចំណងសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងទីក្រុងតេអេរ៉ង់។ នៅក្នុងជំនួបនោះ លោក Wang Yi បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចិនចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព របស់អ៊ីរ៉ង់ ហើយបានអំពាវនាវឱ្យមានការបិទបញ្ចប់ការដាក់សម្ពាធឯកតោភាគីពីសំណាក់មហាអំណាចខាងលិច។
ជាការឆ្លើយតប លោក Abbas Araghchi បានថ្លែងអំណរគុណដល់ចិន ដែលបានដើរតួនាទីជាអ្នកសម្របសម្រួលប្រកបដោយតុល្យភាពនិងបានជួយជ្រោមជ្រែងសេដ្ឋកិច្ចអ៊ីរ៉ង់ តាមរយៈការបន្តបញ្ជាទិញថាមពល ទោះបីជាមានការបិទខ្ទប់ពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការរក្សាស្ថិរភាពនៅច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់លំហូរប្រេងទៅកាន់ប្រទេសចិន។
សូមជម្រាបថា ជំនួបនេះគឺជាការផ្ញើសារយ៉ាងច្បាស់ទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ថាអ៊ីរ៉ង់មានខ្នងបង្អែកដ៏រឹងមាំពីមហាអំណាចសេដ្ឋកិច្ចលេខ ២ របស់ពិភពលោក។ ការពង្រឹងទំនាក់ទំនង ចិន-អ៊ីរ៉ង់ នាពេលនេះ អាចនឹងធ្វើឱ្យយុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមារបស់អាមេរិក ជួបការលំបាកជាងមុន ខណៈដែលចិនកំពុងព្យាយាមបង្ហាញខ្លួនជា "អ្នកនាំមកនូវសន្តិភាព" ជំនួសឱ្យតួនាទីរបស់អាមេរិកនៅក្នុងតំបន់៕
ប្រភព៖CNA


















