រដ្ឋាភិបាលលីបង់ប្រកាសលាលែងពីតំណែង បន្ទាប់ពីមានការផ្ទុះដ៏កក្រើកនៅបេរូត
បេរូត៖ នាយករដ្ឋមន្ត្រីប្រទេសលីបង់ លោក ហាសាន់ ឌីអាប់ (Hassan Diab) បានប្រកាសពីការចុះចេញពីតំណែងនៃរដ្ឋាភិបាលរបស់លោក ក្រោយពីហេតុការណ៍ផ្ទុះដ៍ធំមួយនៅទីក្រុងបេរូត ដែលបញ្ឆេះ កំហឹងដល់សាធារណជន ទាមទារឲ្យមន្ត្រីជាច្រើនរូបចុះចេញពីតំណែង។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចជាសមាជិកសភាជាច្រើនរូបរបស់ប្រទេស
លីបង់ បានលាឈប់ពីការងារកាលពីថ្ងៃអាទិត្យកន្លងទៅ ព្រមទាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានលាឈប់កាលពីថ្ងៃច័ន្ទ ដោយសារតែឧប្បទ្ទហេតុដែលបានកើតឡើងផងដែរ។
មិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រី ហាសាន់ ឌីអាប់ បាននិយាយថា លោកនឹងស្នើសុំការបោះឆ្នោតសភា យ៉ាងឆាប់រហ័ស។
គួររម្លឹកផងដែរថា រយៈពេលមួយសប្តាហ៍ហើយក្រោយពីការផ្ទុះឃ្លាំងផ្ទុកជាតិគីមី ដែលបានសម្លាប់មនុស្សជិត២០០នាក់ និងបង្ករបួសដល់មនុស្សជាង៦ពាន់នាក់ ព្រមទាំងបំផ្លាញអាគារ និងផ្ទះសម្បែងជាច្រើនរាប់មិនអស់ ប៉ុន្តែគេមិនទាន់រកឃើញជនបង្កនៅឡើយទេ៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ