ចិន និងអាមេរិក ព្រមព្រៀងកាត់បន្ថយពន្ធគយ និងបើកចំហទីផ្សារកសិកម្មឡើងវិញ ក្រោយជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនភីង
ចិនបានបង្ហាញសញ្ញាវិជ្ជដោយក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ក្នុងការកាត់បន្ថយពន្ធគយទៅវិញទៅមក និងដោះស្រាយរបាំងពាណិជ្ជកម្ម ដើម្បីពង្រីកការដោះដូរទំនិញកសិកម្មឡើងវិញ។
ការវិវត្តជាវិជ្ជមាននេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីជំនួបកំពូលទ្វេភាគីរយៈពេលពីរថ្ងៃ នៅក្នុងទីក្រុងប៉េកាំង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង។
យោងតាមទិន្នន័យពីក្រសួងកសិកម្មអាមេរិក កាលពីឆ្នាំ ២០២៥ កន្លងទៅ ទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ បានធ្លាក់ចុះយ៉ាងគំហុកជិត ៦៦ ភាគរយ ពោលគឺធ្លាក់មកនៅត្រឹមតែជាង ៨ ពាន់លានដុល្លារប៉ុណ្ណោះ ដោយសារតែសង្រ្គាមពន្ធគយសងសឹកគ្នាទៅវិញទៅមក។ ប៉ុន្តែ យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយ សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នានឹងបង្កើត «ក្រុមប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគ» រួមគ្នា ដើម្បីអនុវត្តក្របខ័ណ្ឌកាត់បន្ថយពន្ធគយជាដៅៗ។
សេតវិមានបានបញ្ជាក់ថា ទីក្រុងប៉េកាំងបានប្តេជ្ញាទិញផលិតផលកសិកម្មពីអាមេរិក ក្នុងតម្លៃយ៉ាងហោចណាស់ ១៧ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ ២០២៦, ២០២៧ និង ២០២៨។ អ្នកវិភាគទីផ្សាររំពឹងថា ចិនអាចនឹងកាត់បន្ថយពន្ធ ១០ភាគរយលើការនាំចូលសណ្តែកសៀង ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចិនអាចបញ្ជាទិញពីអាមេរិកឡើងវិញ។
ក្រៅពីសណ្តែកសៀង ចិនក៏បានសម្រេចផ្តល់សុពលភាពច្បាប់អនុញ្ញាតរយៈពេល ៥ ឆ្នាំឡើងវិញ ដល់រោងចក្រកែច្នៃសាច់គោអាមេរិកចំនួន ៤២៥ កន្លែង និងបានអនុម័តរោងចក្រថ្មីចំនួន ៧៧ បន្ថែមទៀត។ ជាការឆ្លើយតប សហរដ្ឋអាមេរិកក៏បានព្រមព្រៀងជួយសម្របសម្រួល និងដោះស្រាយក្តីបារម្ភរបស់ចិន លើការនាំចេញផលិតផលទឹកដោះគោ គ្រឿងសមុទ្រ និងរុក្ខជាតិលម្អ ( Bonsai ) ទៅកាន់ទីផ្សារអាមេរិកផងដែរ៕


ប្រភព៖Reuters


















