សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាធុរកិច្ចម៉ាឡេស៊ីនឹងមកវិនិយោគកាន់ច្រើនឡើងបន្ថែមទៀត លើវិស័យនានានៅកម្ពុជា

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ismail Sabri Yaakob) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ។

 
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាធុរកិច្ចម៉ាឡេស៊ីនឹងមកវិនិយោគកាន់ច្រើនឡើងបន្ថែមទៀត លើវិស័យនានានៅកម្ពុជា

នៅក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានពិភាក្សាគ្នាស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីនិងបានផ្លាស់ប្ដូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមក្នុងស្មារតីមិត្តភាពយូរអង្វែងសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក ។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍ជាតិ។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធចំណងមិត្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យ រវាងកម្ពុជា និងម៉ាឡេស៊ីក្នុងរយៈពេល៦ទសវត្សរ៍កន្លះចុងក្រោយនេះ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តជំរុញបន្ថែមទៀតនូវវិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ សុខាភិបាល​ ទេសចរណ៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលបំណងជំរុញស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឲ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ជាមួយទីក្រុងនានានៅប្រទេសម៉ាឡេស៊ីផងដែរ។​ ថ្នាក់ដឹកនាំទាំងពីរបានប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សការងារសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយសុខមាលភាពរយៈពេលវែង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ផលប្រយោជន៍ នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនឲ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតអំពីឱកាសអាជីវកម្ម និងវិនិយោគនៅប្រទេសទាំងពីរ ដោយប្រទេសទាំងពីមានកិច្ចព្រមព្រៀងស្ដីអំពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការគេចពន្ធទាក់ទងនឹងការយកពន្ធលើប្រាក់ចំណូលរវាងប្រទេសទាំងពីរដែលបានចូលជាធរមានកាលពីថ្ងៃទី១ មករា ឆ្នាំ២០២១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលផ្ដល់នូវក្របខ័ណ្ឌច្បាប់ដែលបើកចំហ  មានតម្លាភាព  អាចព្យាករណ៍បាន  និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការវិនិយោគ។

ប្រទេស ម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហការផ្នែកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ភាគីទាំងពីរបានផ្ដល់អាទិភាពដល់ការពង្រឹងសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី និងរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងរវាង MRANTI (ពីមុនត្រូវបានគេស្គាល់ថា MaGIC Malaysia) និងមជ្ឈមណ្ឌល  Impact Hub ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីលើកកម្ពស់អាជីវកម្មបង្កើតថ្មី និងការបណ្ដាក់ទុនរកស៊ីរបស់សហគ្រិនវ័យក្មេងនៅក្នុងប្រទេសទាំងពីរ។ ម៉ាឡេស៊ីនឹងបន្តផ្ដល់ឱកាសដល់មន្ត្រីរាជការកម្ពុជាចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល​ និងកសាងសមត្ថភាពតាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី(MTCP) និងកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិម៉ាឡេស៊ី(MDCP)។

ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងបណ្ដាប្រទេសដៃគូក្រៅតំបន់ក្នុងក្របខ័ណ្ឌនៃទស្សនទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានលើកឡើងអំពីបញ្ហាជនបាត់បង់ទីលំនៅជនភៀសខ្លួនមកពីរដ្ឋរ៉ាក់ខាញ រួមទាំងជនជាតិរ៉ូហ៊ីងយ៉ា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ និងបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់នៃការដោះស្រាយមូលហេតុជាឫសគល់ នៃជម្លោះ និងការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេដោយស្ម័គ្រចិត្តមានសុវត្ថិភាព និងភាពថ្លៃថ្នូរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានអញ្ជើញសម្ដេចតេជោទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។ ហើយសម្ដេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងទទួលយកនូវការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដោយក្តីរីករាយ នាពេលវេលាសមស្របណាមួយនាពេលខាងមុខ៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

Join Telegram https://t.me/cngtvcambodia