សន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំ លើកទី៩ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម»
រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមសាស្ដ្រចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណ:គ្រូពេទ្យជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំ លើកទី៩ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម» (One Patient one Team)។

សន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំ របស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធ រវាងក្រុមគ្រូពេទ្យឯកទេសបេះដូងកម្ពុជា និងក្រុមគ្រូពេទ្យឯកទេសបេះដូងអន្តរជាតិ សន្និសិទវេជ្ជសាស្ត្រឆ្នាំនេះ មានទិសដៅស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ជាពិសេសក្នុងការឆ្លើយតបទៅនឹងការកើនឡើង នូវជំងឺមិនឆ្លង ដូចជាជំងឺបេះដូង និងសរសៃឈាមក្នុងប្រទេសកម្ពុជា។ សមាគមគ្រូពេទ្យបេះដូងកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ២០១៤ គឺជាសមាគមវិទ្យាសាស្ត្រវេជ្ជសាស្ត្រមិនរកប្រាក់កម្រៃ បង្កើតឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យខ្មែរ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពការពារ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា។ ចាប់តាំងពីបង្កើតសមាគមគ្រូពេទ្យបេះដូងកម្ពុជាមក បានចូលរួមយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលនិស្សិតពេទ្យ និងក្រុមគ្រូពេទ្យខ្មែរ។
ឯកឧត្ដមសាស្ដ្រចារ្យ ឡឹម តារា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិករបស់សមាគមទាំងអស់ ដែលបានរួមគ្នារៀបចំនូវសន្និសីទប្រចាំឆ្នាំនេះឡើងជាទៀងទាត់ ដើម្បីអភិវឌ្ឍវិជ្ជាជីវៈបន្តដល់គ្រូពេទ្យយើង។ ឯកឧត្តមបានរំលឹកដល់គ្រូពេទ្យទាំងអស់ ត្រូវពង្រឹងនូវសមត្ថភាពបច្ចេកទេសវេជ្ជសាស្ដ្រថ្មីៗ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ព្រមទាំងគោរពតាមច្បាប់ និងបទបញ្ញត្តិរបស់ក្រសួងសុខាភិបាល និងដែនកំណត់និយាមវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីបម្រើសេវាពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានភាពជឿជាក់ពីប្រជាពលរដ្ឋ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមគ្រូពេទ្យទាំងអស់ដែលចំណាយពេលក៏មានតម្លៃចូលរួមក្នុងសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំនេះ និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមគ្រូពេទ្យទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រកាស អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕
ប្រភព៖ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា