ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការសាកល្បងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដោយមានការចូលរួមពី ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរអំពីសមិទ្ធផលការងារជាច្រើនដែលសម្រេច បាន ដែលមិនត្រូវបានផ្សព្វផ្សាយទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈមតិនៅទូទាំងពិភពលោកឱ្យបានយល់ដឹងអំពីការរីកចម្រើនដ៏ធំធេងរបស់កម្ពុជា ដែលសមិទ្ធផលទាំងនោះរួមមាន៖
ការកើនឡើងអាយុសង្ឃឹមរស់(Life Expectancy) រយៈពេល១៤ឆ្នាំបន្ថែមទៀតរបស់ប្រជាជនកម្ពុជាប្រៀបធៀបទៅនឹងរយៈពេល២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបោយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់និងទឹកស្អាត។
ការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាមធ្យម៧%ក្នុងឆ្នាំក្នុងរយៈពេល២០ឆ្នាំកន្លងទៅ អត្រានៃភាពក្រីក្របានថយ ចុះនៅក្រោម១០%មុនពេលមានវិបត្តិកូវីដ-១៩។ ការពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វ័យតភ្នំពេញក្នុងនោះ កំពង់ផែស្វ័យតក្រុងព្រះសីហនុគឺជាកំពង់ផែពាណិជ្ជកម្មបម្រើសេវាដឹកជញ្ជូននាំចូលនាំចេញទៅក្រៅប្រទេសប្រមាណជា៦០% ហើយការរីកចម្រើនជាបន្តបន្ទាប់នៅកំពង់ផែ ស្វ័យតក្រុងព្រះសីហនុនេះ កើតមានដោយសារការផ្តល់ជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់ផងដែរថា៖ រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយទាំងផ្នែក ហិរញ្ញវត្ដុ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែតំបន់ និងកំពង់ផែមេគង្គដែលមានសមត្ថភាពដឹកជញ្ជូនទំនិញទៅដល់សហគមន៍ អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែអន្តរជាតិក្នុងតំបន់ ដូចជា៖ កំពង់ផែសឹង្ហ បុរី ឬកំពង់ផែវ៉ុងតាវ និងគម្រោងពង្រីកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ និងតារាសាគរ ដើម្បីប្រែក្លាយទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិដែលអាចឱ្យយន្តហោះធំៗដឹកអ្នកទេសចរណ៍ អ្នកវិនិយោគ និងដឹកទំនិញចុះចតបាននៅកម្ពុជា។
គួរកត់សម្គាល់ថា៖ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ជាទំនើបកម្មបច្ចេកវិទ្យា ទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ពីការធ្វើដោយដៃ មកធ្វើការក្នុងទម្រង់អេឡិចត្រូនិក តាមរយៈប្រព័ន្ធអនឡាញវិញ។ ប្រព័ន្ធនេះដែរធ្វើឱ្យផ្លាស់ប្តូរឯកសារសម្របសម្រួលនាវាចរណ៍មានភាពឆាប់រហ័ស ចំណេញពេលវេលា តម្លាភាពសុវត្ថិភាព ប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងជំរុញគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក នៅតាមកំពង់ផែគោលដៅ ដោយបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីធ្វើឱ្យការអនុវត្តន៍គម្រោងប្រព័ន្ធនេះកាន់តែមានភាពល្អប្រសើរ ងាយ និងស្របតាមច្បាប់ជាធរមាន។
ប្រព័ន្ធPort EDI ត្រូវបានប្រើប្រាស់សម្រាប់ការរៀបចំបែបបទនាវា ចូល-ចេញ នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្លាស់ប្តូរនីតិវិធីបច្ចុប្បន្នទៅប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ជំនួសវិញ តាមរយៈគេហទំព័រផ្លូវការ ដែលមានអាសយដ្ឋាន https://portedi.mpwt.gov.kh ។
សូមជម្រាបថា ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) នេះ បានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន ចំនួន ១២.២០០.០០០ ដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន