៤ខែដើមឆ្នាំនេះ កម្ពុជានាំអង្ករចេញកើនដល់កម្រិតខ្ពស់ជាងគេក្នុងរយៈពេល១០ឆ្នាំចុងក្រោយ
ភ្នំពេញ៖ កម្ពុជាសម្រេចការនាំចេញអង្ករក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២០ បានជាង៣០ម៉ឺនតោន ដែលបរិមាណនេះស្មើជាង៤៨% នៃការនាំចេញសរុបឆ្នាំ២០១៩។ ការនាំចេញ៤ខែដំបូងមានចំនួន ៣០ម៉ឺន ២៥២ តោន ដែលបានកើនឡើងប្រមាណ៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍សង្ខេបនៃការនាំចេញអង្កររបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នេះគឺជាកំណើនមួយ ដែលគួរឲ្យកត់សម្គាល់បំផុតរបស់កម្ពុជា ដែលបានសម្រេចការនាំចេញក្នុងតួលេខខ្ពស់បំផុត រយៈពេល៤ខែដើមឆ្នាំ នៃការនាំចេញរបស់កម្ពុជា នារយៈពេល ១០ឆ្នាំចុងក្រោយនេះ។
របាការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ៤១ភាគរយ ឬស្មើនឹង១២ម៉ឺនតោន សហគមន៍អឺរ៉ុប និងប្រទេសអង់គ្លេស មានចំនួន៣២ភាគរយ ឬជាង៩ម៉ឺន៧ពាន់តោន ប្រទេសសមាជិកអាស៊ានប្រមាណ១៣ភាគរយ ឬប្រមាណ៣ម៉ឺន៧ពាន់តោន និងបណ្តាប្រទេសផ្សេងៗទៀតមានចំនួនប្រមាណ១៤ភាគរយ ឬប្រហែល៤ម៉ឺន៣ពាន់តោន។
ដោយឡែកសម្រាប់ខែមេសា ឆ្នាំ២០២០នេះ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ គិតគូរចំពោះសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា ដោយផ្អាកការនាំចេញ “អង្ករស” មួយរយៈពេលខ្លីក៏ដោយ ក៏ការនាំចេញ “អង្ករក្រអូប” របស់កម្ពុជា សម្រេចបានជាង៦៩ពាន់តោនដែលផ្តល់នូវតម្លៃមួយយ៉ាងខ្ពស់សម្រាប់ អាជីវករ និងអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ៕
ដោយ៖ ចាប មិថុនា