កម្ពុជានាំម្រេចចេញបានជាងពីរពាន់តោនក្នុងរយៈពេល៤ខែដើមឆ្នាំនេះ
ភ្នំពេញ៖ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ពោលគឺចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលម្រេចចំនួន ២,២៥០ តោនទៅកាន់ទីផ្សារអន្តរជាតិចំនួន១៣ប្រទេស ស្របពេលដែលកំពុងកើតមានវិបត្តិកូវីដ១៩ក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រទេសទាំង១៣ ដែលកម្ពុជានាំចេញរួមមាន ជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វីស វៀតណាម អាមេរិក រុស៊្សី អង់គ្លេស ឥណ្ឌា បេឡារុស និងកូរ៉េ។
ដោយឡែក បើតាមប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឲ្យដឹងថា សម្រាប់ទីផ្សារម្រេច GI ត្រូវបានជាប់គាំងទាំងស្រុងដោយសារជំងឺកូវីដ១៩។
ស្រង់សម្តីក្នុងកាសែតក្នុងស្រុកមួយ លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឲ្យដឹងថា ខណៈម្រេចកំពតកំពុងប្រឈមនឹងកង្វះទីផ្សារស្រាប់ហើយនោះ ការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យការនាំចេញម្រេច GI កំពតត្រូវខកខានទាំងស្រុងមកដល់ពេលនេះ។ លោកបានបន្តថា កសិករទាំងអស់បានបង្ខំចិត្តប្រមូលផលម្រេចស្តុកទុកក្នុងឃ្លាំងដោយសង្ឃឹមថានឹងមានការបញ្ជាទិញឡើងវិញពីទីផ្សារនៅអឺរ៉ុប និងអាមេរិកដែលជាទីផ្សារធំសម្រាប់កម្ពុជា។
សូមបញ្ជាក់ផងដែរថា ម្រេចកំពត ជាទំនិញសម្គាល់ភូមិសាស្ត្រ (GI) មួយរបស់កម្ពុជា ត្រូវបានចុះបញ្ជី ទទួលស្គាល់ដោយជោគជ័យជាលើដំបូងបង្អស់ ដោយសហភាពអឺរ៉ុប កាលពីឆ្នាំ២០១៦។
នៅទូទាំងខេត្តកំពតចំការម្រេចគ្របដណ្តប់លើផ្ទៃដីជាង ២៩០ ហិកតា ជាមួយសមាគមលើកកម្ពស់ម្រេចកំពត ដែលមានសមាជិកសរុបចំនួន ៤៥៥ នាក់រួមមានកសិករ និងក្រុមហ៊ុនដែលមានម្ចាស់ចម្ការ។
លោកបន្ថែមថា ការប្រមូលទិន្នផលម្រេច GI ឆ្នាំនេះទទួលបានប្រហែល ១០០ តោន បើធៀបឆ្នាំមុនទិន្នផលនេះថយចុះតិចតួច។ ជាមួយគ្នានេះ ការនាំចេញម្រេចកំពតរបស់កម្ពុជាសម្រេចបានចំនួន ៧៨ តោន នៃទិន្នផលសរុប ១២០ តោន កាលពីឆ្នាំ ២០១៩ កន្លងទៅ។
យោងតាមអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ម្រេច គឺជាផលិតផលមួយ ក្នុងចំណោមផលិតផលសក្តានុពលសំខាន់ៗទាំង១៩មុខ របស់កម្ពុជា ដែលរដ្ឋាភិបាលដាក់បញ្ចូលក្នុងបញ្ជីមុខទំនិញអាទិភាពសម្រាប់ធ្វើពិពិធកម្ម និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នាពេលបច្ចុប្បន្ន ម្រេចត្រូវបានដាំដុះក្នុងខេត្តចំនួន១៩ ចាប់ពីតំបន់និរតី ភូមិភាគពាយ័ព្យ និងតំបន់ឦសាននៃប្រទេសកម្ពុជា៕
ដោយ៖ ចាប មិថុនា