កម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ០១ករណីបន្ថែមទៀតហើយ
កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីនោះទេនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០នេះដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ១៩៧នាក់នៃអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៤០នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០១ករណីបន្ថែមទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ១៩៧ករណីក្នុងនោះមានស្រ្តី ៤៣នាក់ និងបុរស ១៥៤នាក់។
សូមជម្រាបថា ករណីជាសះស្បើយ ០១នាក់គឺស្រ្តីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមកកម្ពុជា។
គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋសរុបចំនួន ៤១នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺជាស្រ្តីជនជាតិអាមេរិកកាំង ០១នាក់ និងបុរសជនជាតិអាមេរិកកាំង ០១នាក់។
សូមរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល