ដូណាល់ត្រាំ នឹងហាមឃាត់ការប្រើប្រាស់ TIK TOK នៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី៣១ ខែកក្កដាថាលោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិភ្លាមៗ ដើម្បីហាមឃាត់កម្មវិធីប្រព័ន្ធបណ្តាញសង្គម Tik Tok នៅសហរដ្ឋអាមេរិកដោយមានការព្រួយបារម្ភថា កម្មវិធីនេះអាចជាឧបករណ៍សម្រាប់ស៊ើបការណ៍របស់ចិន។
មន្រ្តីសហរដ្ឋអាមេរិក និងសមាជិកសភា នេះបានសម្តែងការព្រួយបារម្ភចំពោះប្រព័ន្ធបណ្តាញសង្គមTik Tok នេះផងដែរ ប៉ុន្តែទីក្រុងប៉េកាំងបដិសេធថា Tik Tok គ្មានអ្វីទាក់ទងនឹងរដ្ឋាភិបាលទេ។
ការប្រកាសរបស់លោក ដូណាល់ត្រាំ បានធ្វើឡើងបន្ទាប់ពីមានការចរចាយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃសុក្រនៅសេតវិមានជាមួយក្រុមហ៊ុនសក្តានុពល Tik Tok រួមមានទាំងក្រុមហ៊ុន Microsoft ផងដែរ។ គេមិនទាន់ដឹងច្បាស់ទេថា អាជ្ញាធររបស់លោកត្រាំ ត្រូវហាមឃាត់អ្នកប្រើប្រាស់ Tik Tok រហូតដល់ពេលណា និងមិនច្បាស់ថា តើបម្រាមនេះនឹងត្រូវអនុវត្តយ៉ាងម៉េច ហើយវានឹងប្រឈមនឹងបញ្ហាផ្លូវច្បាប់អ្វីខ្លះ។ នៅពេល ដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិ និងចិនកាន់តែយ៉ាប់យ៉ឺនដោយសារពាណិជ្ជកម្ម និងការរីករាលដាលនៃការឆ្លងវីរុស វាធ្វើអោយមានការលេចចេញជាការផ្ទុះជម្លោះរវាងភាគីទាំងពីរ។
គួរបញ្ជាក់ផងដែរថា៖ នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Kevin Mayer ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Walt Disney co បានប្តេជ្ញាគោរពតាមច្បាប់របស់សហរដ្ឋអាមេរិកហើយកំពុងអនុញ្ញាតអោយអ្នកជំនាញសង្កេតមើលផងដែរ៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ កង ស្រីលីន