សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់តាមរយៈកម្មវិធី "ឈ្នះរង្វាន់កាតទូរស័ព្ទចំនួន ៥០០០០រៀល ពីក្រុមហ៊ុន H&M"

នាយកដ្ឋានព័តត៌មានវិទ្យា៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមការងារបច្ចេកទេសបានសង្កេតឃើញនូវសារចែករំលែកជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម តួយ៉ាងដូចជាកម្មវិធី Facebook Messenger ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ៥០០០០រៀល ពីក្រុម H&M ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។

 
សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់តាមរយៈកម្មវិធី

បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា កម្មវិធីខាងលើនេះគឺជាល្បិចបោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងទុច្ចរិតដូចខាងក្រោម៖

  - ធ្វើការអូសទាញជនរងគ្រោះចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ

  - ធ្វើការបញ្ឆោតឲ្យជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់

  - ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធិឲ្យគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសាររបស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ដែលនឹងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិដទៃទៀតរបស់ជនរងគ្រោះដែលមានក្នុង (Contact List)។

លើសពីចំណុចដែលបានរៀបរាប់ខាងលើ ជនខិលខូចក៏អាចប្រើប្រាស់ល្បិចកលនេះក្នុងគោលបំណងទុច្ចរិតផ្សេងៗទៀត ដូចជា៖

  - ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ)

  - ប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។

អាស្រ័យហេតុនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នដោយ កុំធ្វេីការចែករំលែក ឬចុចលើតំណភ្ជាប់ទាំងអស់ និងត្រូវលុបចេញពីប្រអប់សារភ្លាម ជៀសវាងនូវបញ្ហាដូចបានរៀបរាប់ជូនខាងលើ។

គួររម្លឹក សូមពិនិត្យមើលប្រភពឲ្យបានច្បាស់លាស់ និងពិចារណាសិនមុនចុចតណលីងណាមួយ៕

#Scam #Phishing #Malware #SocialMedia #ITDepartment #MoI

ប្រភព: នាយកដ្ឋានព័តត៌មានវិទ្យា