ឯកឧត្តម ហេង សួរ៖ អតីតនិស្សិតខ្មែរពីជប៉ុន គឺជាស្ពាននៃទំនាក់ទំនង និងជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់អតីតនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និងជាស្ពានតភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំរវាងកម្ពុជា-ជប៉ុន។

 
ឯកឧត្តម ហេង សួរ៖ អតីតនិស្សិតខ្មែរពីជប៉ុន គឺជាស្ពាននៃទំនាក់ទំនង និងជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិ

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីជួបជុំអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ របស់សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal។

កម្មវិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសមាគម JAC រួមទាំងអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុនសរុបជាង ១០០រូប។

ថ្លែងក្នុងនាមជាអតីតនិស្សិតមួយរូបដែលធ្លាប់បានសិក្សានៅប្រទេសជប៉ុន ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបង្ហាញនូវក្តីសោមនស្សរីករាយ និងចាត់ទុកជំនួបនេះថា មិនត្រឹមតែជាការរឹតចំណងមិត្តភាពរវាងអតីតនិស្សិតប៉ុណ្ណោះទេ តែជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនង «ប្រជាជន និងប្រជាជន» ដែលជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រព័ន្ធអប់រំរបស់ប្រទេសជប៉ុនបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងសមត្ថភាពទាំងផ្នែកវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈរបស់និស្សិតខ្មែរ ដែលបានប្រែក្លាយពួកគាត់ទៅជាអ្នកដឹកនាំដ៏ឆ្នើម។ ជាក់ស្តែង បច្ចុប្បន្ននេះ មានអតីតនិស្សិតជប៉ុនជាច្រើនកំពុងកាន់តួនាទីជាថ្នាក់ដឹកនាំកំពូលៗ ដូចជា អនុប្រធានទី២នៃព្រឹទ្ធសភា រដ្ឋមន្ត្រីចំនួន៣រូប និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមាតុភូមិទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានរំលឹកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគូសបញ្ជាក់ថា៖ «ដំណើររបស់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន គឺមិនត្រឹមតែសម្រាប់ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការកសាងស្ពានទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ»

គិតមកដល់បច្ចុប្បន្ន តាមរយៈការគាំទ្រប្រកបដោយសប្បុរសធម៌ពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអាហារូបករណ៍ MEXT, JDS និង JICA មាននិស្សិតខ្មែរជាង ១ ០០០នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ ខណៈជាង ៦០០នាក់ផ្សេងទៀតកំពុងបន្តការសិក្សា ដែលពួកគេសុទ្ធសឹងតែជាតំណាងទូតវប្បធម៌រវាងប្រទេសទាំងពីរ។

មុននឹងបញ្ចប់ ក្នុងឱកាសឈានចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់អង្គពិធីទាំងមូល និងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាល ស្ថានទូត និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ឱកាសអប់រំដ៏មានតម្លៃដល់រូបឯកឧត្តមផ្ទាល់ ក៏ដូចជាយុវជនកម្ពុជាជាច្រើនរូបទៀត។





ប្រភព៖ 
ក្រសួងព័ត៌មាន