ក្រសួងឧស្សាហកម្មគាំទ្រចំពោះគម្រោង«សរសៃសូត្រមាសខ្មែរ» និងកម្មវិធី (Kawaii & IKI )ក្នុងឱកាស អបអរខួបលើកទី៧០នៃទំនាក់ទំនងការទូតជប៉ុន-កម្ពុជា

ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំក្រសួង កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣ បានទទួលជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយឯកឧត្តម TaKaHaShi FUMIAKI ប្រធានសមាគមជប៉ុន-កម្ពុជា , លោក Kato Kazunori ប្រធានក្រុមហ៊ុន IL BRILLE ម្ចាស់គម្រោង «សរសៃ សូត្រមាសខ្មែរ» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរយោបល់ ពិភាក្សាអំពីវឌ្ឍនភាព និងស្វែងរកកាលានុវត្តភាពបន្ថែម ក្នុងការជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជា ឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ។

 
ក្រសួងឧស្សាហកម្មគាំទ្រចំពោះគម្រោង«សរសៃសូត្រមាសខ្មែរ» និងកម្មវិធី (Kawaii & IKI )ក្នុងឱកាស អបអរខួបលើកទី៧០នៃទំនាក់ទំនងការទូតជប៉ុន-កម្ពុជា

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសំដែងនូវការស្វាគមន៍ ចំពោះការស្វែងរកកិច្ចសហការភាពជាដៃគូរវាងប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យបានរលូន និងតាមទិសដៅដែលបានគ្រោងទុក។

ក្នុងឱកាសនោះ លោក Kazunori Katoប្រធានក្រុមហ៊ុន IL BRILLE ( អ៊ីលប្រ៊ីល ) បានធ្វើបទបង្ហាញពីការវិនិយោគរបស់សហគ្រិនជប៉ុននៅក្នុងប្រទេសកម្ពុជា លើគម្រោងវិនិយោគខ្សែច្រវាក់តម្លៃសូត្រ ដែល មានឈ្មោះថា គម្រោង «សរសៃសូត្រមាសខ្មែរ» និងកម្មវិធី (Kawaii & IKI )ដើម្បីអបអរខួបលើកទី៧០នៃទំនាក់ទំនងការទូតជប៉ុន-កម្ពុជា ហើយសម្រាប់គម្រោង «សរសៃសូត្រមាសខ្មែរ» នឹងជួយដល់កសិករ ឱ្យមានភាពរីកចម្រើននិងក្ដីសង្ឃឹមទៅលើការដាំដុះស្លឹកមននិងចិញ្ចឹមដង្កូវ នាង ដើម្បីមានទីផ្សារកាន់តែល្អប្រសើរក្នុងការនាំចេញទៅក្រៅប្រទេស ដែលនេះ គឺជាឱកាសមួយសម្រាប់ចាប់យកកាលានុវត្តភាពក្នុងការវិវត្តខ្លួន ពីកសិកម្មប្រពៃណីទៅជាកសិកម្មបែបទំនើប និងពោរពេញដោយបច្ចេកទេសសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថា ដើម្បីអនុវត្តន៍គម្រោងនេះឱ្យទទួលបានជោគជ័យ ក្រុមហ៊ុនបានយកពូជដើមមន ដែលឆ្លងកាត់ការពិសោធន៍យ៉ាងត្រឹមត្រូវ ទៅផ្តល់ជូនកសិករសម្រាប់ដាំដុះសាកល្បង និងមានការផ្តល់ជាបច្ចេកទេសមួយចំនួនទៅកាន់កសិករ ដែលមានការចុះកិច្ចសន្យាត្រឹមត្រូវជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យការផលិតសំបុកដង្កូវនាងស្រប តាមស្តង់ដារប្រទេសជប៉ុន សម្បូរទៅដោយប្រូតេអ៊ីនដែលជាតម្រូវការក្នុងការយកទៅធ្វើជាវត្ថុធាតុដើម នៃការផលិតសាប៊ូដុំលាងសម្អាតមុខ តាមស្តង់ដារប្រទេសជប៉ុន៕

ប្រភព៖ ក្រសួងព័ត៌មាន