លោកដូណាល់ ត្រាំ ជំរុញឲ្យរដ្ឋនានាពិចារណាបើកសាលារៀនឡើងវិញមុនរដូវក្តៅចូលមកដល់
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋនានាគួរតែ "ពិចារណាឲ្យបានហ្មត់ចត់" ក្នុងការបើកសាលារដ្ឋឡើងវិញ មុនដំណាច់ឆ្នាំសិក្សានេះ បើទោះបីជាមនុស្សជាច្រើនបានលើកឡើងថា វានឹងមិនមានសុវត្ថិភាពទេសម្រាប់សិស្សត្រឡប់ចូររៀនវិញរហូតដល់រដូវក្តៅ ឬរដូវស្លឹកឈើជ្រុះនេះខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក ត្រាំ បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះកាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងកិច្ចប្រជុំជាមួយអភិបាលរដ្ឋពិភាក្សាអំពីការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ និងជុំវិញប្រធានបទផ្សេងៗទៀត។
ទីភ្នាក់ងារសារព័ត៌មានAPបានបញ្ជាក់ថា មិនមានអភិបាលខេត្តណាម្នាក់ឆ្លើយតបនឹងសំណូមពរនេះទេ។
លោក ដូណាល់ ត្រាំ បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះ ខណៈដែលមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់អាមេរិក បានធ្វើកិច្ចការដើម្បីបញ្ចប់គោលការណ៍ណែនាំសម្រាប់ការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ សម្រាប់សាលារៀន ត្រូវដាក់តុសិស្សចម្ងាយប្រមាណ ១.៨ម៉ែត្រពីគ្នា និងញ៉ាំអាហារនៅក្នុងថ្នាក់រៀនជំនួសឲ្យទទួលទាននៅអាហារដ្ឋាន និងបិទកន្លែងក្មេងលេងនានា។
សូមបញ្ជាក់ផងដែរថា ការបើកសាលារៀនឡើងវិញនេះ ត្រូវបានគេចាត់ទុកថាជាគន្លឹះចម្បងដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការឡើងវិញ។ បើគ្មានកន្លែងសុវត្ថិភាពសម្រាប់កូនៗទេ នោះឪពុកម្តាយជាច្រើននឹងមានការលំបាកមិនអាចវិលត្រឡប់ទៅធ្វើការវិញឡើយ៕
ប្រភព៖ APប្រែសម្រួល៖ ជា បញ្ញា