ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១របស់ក្រុមការងារចំពោះកិច្ច ដើម្បី ដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ
ភ្នំពេញ: នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កាលពីម្សិលមិញនៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១របស់ក្រុមការងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារ ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលផែនការសកម្មភាពទាំង៧៨ ដែលរៀបចំឡើងដោយក្រុមការងារ ចំពោះកិច្ច និងដើម្បីប្រមូលធាតុចូលបន្ថែមសំដៅឱ្យផែនការសកម្មភាពនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងបម្រើឱ្យឧត្ដមប្រយោជន៍រួម។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពីគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាព និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញនិងលើកកម្ពស់ វិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់។
ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ ក្រសួងបាន និងកំពុងធ្វើការជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារស្ទឹងបត់-បានណងអៀបណ្ដោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានធ្វើការជាមួយភាគីវៀតណាមដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅព្រំដែនបាវិត-ម៉ុកបៃផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំទាំងមូលចូលរួមជាមតិ យោបល់ក្នុងការប្រែក្លាយវិស័យភស្ដុភារកម្មកម្ពុជាឱ្យទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញ របស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីថៃ-កម្ពុជា-វៀតណាម និងពីវៀតណាម-កម្ពុជា-ថៃ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុម ការងារចំពោះកិច្ច និងភាគីពាក់ព័ន្ធដែលបានសហការល្អរៀបរៀងផែនការសកម្មភាពនេះឡើង និងបានណែនាំឱ្យក្រុមការងារចំពោះកិច្ចយកធាតុចូលទាំងឡាយដែលបានមកពីកិច្ចប្រជុំនេះទៅធ្វើការកែសម្រួល ផែនការសកម្មភាពឱ្យកាន់តែប្រសើរឡើង និងរៀបចំផែនការសកម្មភាពទៅតាមកញ្ចប់សម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង ជាពិសេសកញ្ចប់ផែនការសកម្មភាពបន្ទាន់ដែលត្រូវអនុវត្តនៅចុងឆ្នាំនេះ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ។
ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារចំពោះកិច្ចរៀបចំកិច្ចប្រជុំលើកទី២របស់ខ្លួន ដើម្បីពិនិត្យមើលផែនការសកម្មភាពទាំងនេះឱ្យបានល្អិតល្អន់មុននឹងដាក់ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច៕
ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន