ធនាគារជាតិនៃកម្ពុជា ប្រមូលក្រដាសប្រាក់សម្លាប់មេរោគ និងលើកទឹកចិត្តឱ្យប្រើប្រាស់សេវាអេឡិចត្រូនិកដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩
ភ្នំពេញ ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តវិធានការការពារហានិភ័យ ដែលអាចកើតឡើង ជាយថាហេតុ ដោយសារការប្រើប្រាស់ក្រដាសប្រាក់ តាមរយៈការសម្លាប់មេរោគនៅលើក្រដាសប្រាក់រៀល ដែលចូលមកធនាគារជាតិនៃកម្ពុជា ហើយបញ្ចេញក្រដាសប្រាក់ដែលសម្លាប់មេរោគរួចទៅក្នុងទីផ្សារវិញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ទន្ទឹមនឹងការអនុវត្តវិធានការនេះ ធនាគារជាតិនៃកម្ពុជា ក៏បន្តលើកទឹកចិត្តក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ ក៏ដូចជាការប្រើប្រាស់ ឬចេញផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងទូទាត់នានា ហើយជំនួសវិញដោយការ ប្រើប្រាស់ការទូទាត់អេឡិចត្រូនិកតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិក ដូចជា៖ សេវាធនាគារតាមកម្មវិធីទូរស័ព្ទចល័ត ក៏ដូចជាកម្មវិធីបាគងដែលជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ នឹងផ្តល់សុវត្ថិភាពខ្ពស់ ភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិចផងដែរ៕
សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia