ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ ចែកបទពិសោធន៍គ្នាក្នុងការស្ដារវិស័យទេសចរណ៍នាពេល និងក្រោយពេលវិបត្តិកូវីដ១៩

(ភ្នំពេញ)៖ ខណៈការរាត្បាតនៃជំងឺកូវីដ-១៩ នៅតែអូសបន្លាយអស់ពេលជាច្រើនខែមកហើយនោះ បានធ្វើឱ្យវិស័យទេសចរណ៍ពិភពលោកជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែប្រទេសជាច្រើនក៏បានខិតខំប្រឹងប្រែងស្ដារវិស័យទេសចរណ៍របស់ខ្លួនខ្លាំងណាស់ដែរ ដោយប្រទេសខ្លះអាចទប់ទល់ស្ថានការណ៍បាន រីឯប្រទេសខ្លះទៀតក៏ជួបនូវការបរាជ័យទៅវិញក៏មាន។

 
ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ ចែកបទពិសោធន៍គ្នាក្នុងការស្ដារវិស័យទេសចរណ៍នាពេល និងក្រោយពេលវិបត្តិកូវីដ១៩
ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ ចែកបទពិសោធន៍គ្នាក្នុងការស្ដារវិស័យទេសចរណ៍នាពេល និងក្រោយពេលវិបត្តិកូវីដ១៩
ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ ចែកបទពិសោធន៍គ្នាក្នុងការស្ដារវិស័យទេសចរណ៍នាពេល និងក្រោយពេលវិបត្តិកូវីដ១៩

ជាក់ស្ដែងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈប្រព័ន្ធវីដេអូខន់ហ្វឺរិន ក្នុងគោលបំណងរួម គឺធ្វើយ៉ាងណាត្រូវស្ដារវិស័យទេសចរណ៍ឡើងវិញឱ្យបាន នាកំលុងពេល និងក្រោយពេលវិបត្តិកូវីដ។

ថ្វីដ្បិតកិច្ចប្រជុំនេះជារឿងរបស់ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គក៏ពិតមែន ប៉ុន្តែក្នុងនោះក៏មានអ្នកចូលរួមផ្សេងទៀតមកពីជុំវិញពិភពលោក ដែលមានទាំងស្ថាប័នសាធារណៈ និងផ្នែកឯកជនសរុបប្រមាណ ១,០០០នាក់។ ភាគីកម្ពុជាត្រូវបានដឹកនាំការចូលរួមដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមចែករំលែកបទពិសោធន៍ជាច្រើនជូនអង្គប្រជុំអនឡាញនេះ។

ប្រធានបទដែលបានលើកយកមកពិភាក្សា គឺមានដល់ទៅ ១០ជំពូក ពាក់ព័ន្ធនឹងកិច្ចការនយោបាយដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសក្នុងមហាអនុតំបន់មេគង្គ ការអនុវត្តគោលការណ៍នៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ពីគោលដៅទេសចរណ៍មានសុវត្ថិភាពទៅកាន់គោលដៅទេសចរណ៍ដែលមានសុវត្ថិភាពមួយទៀត និងកិច្ចពិភាក្សាលើការដោះស្រាយផលប៉ះពាល់វិបត្តិកូវីដ១៩ និងការស្តារវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញជាដើម។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកបង្ហាញថា នៅចំពោះការតស៊ូប្រយុទ្ធប្រឆាំងជាមួយបិសាចកំណាចកូវីដនេះ ប្រទេសកម្ពុជាមិនបាននៅស្ងៀមនោះឡើយ ដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រោមការគាំទ្រពីសំណាក់អង្គការសុខភាពពិភពលោកផងនោះ បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងយ៉ាងសស្រាក់សស្រាំ និងមានការយកចិត្តទុកដាក់ជាទីបំផុត។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង ស្ថាប័ន អង្គភាពនានា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺសកលនេះ ក្នុងនោះក្រសួងទេសចរណ៍ក៏តែងចេញធ្វើសកម្មភាពជាប់ជាប្រចាំនៅតាមដែនសមត្ថកិច្ចរបស់ខ្លួន លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមតំបន់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅ មូលដ្ឋានអាជីវកម្មសេវាកម្មម្ហូបអាហារ អាជីវកម្មសេវាកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក។

ការខិតខំនេះគឺដើម្បីធ្វើយ៉ាងណាអាចស្ដារវិស័យទេសចរណ៍ក្នុងប្រទេសបានខ្លះ ដើម្បីជួយកុំ ឱ្យជួបនូវវិបត្តិដុនដាបខ្លាំងពេក ក្នុងនោះក្រសួងទេសចរណ៍បានជំរុញឱ្យមានចលនាទេសចរក្នុងស្រុកខ្លះៗ ដោយភ្ជាប់ជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ផ្នែកខាងលើ ដើម្បីឱ្យដង្ហើមវិស័យទេសចរណ៍ជាតិនៅតែអាចរស់បាន។

ឯកឧត្តមបណ្ឌិត ថោង ខុន ថាក្រសួងទេសចរណ៍តែងបានស្វែងរកកិច្ចសហប្រតិបត្តិការ និងកិច្ចសហការពីសំណាក់ដៃគូជាតិ-អន្តរជាតិនានា ដើម្បីពង្រឹងការអនុវត្តការងារសំខាន់ក្នុងវិស័យទេសចរណ៍របស់ខ្លួនជារឿយៗ។

អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងកិច្ចប្រជុំនេះ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរអន្តរជាតិជាច្រើនបានសម្លឹងឃើញថា កម្រិតនៃការឆ្លងជំងឺកូវីដនៅក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ គឺនៅមានកម្រិតតិចតូចជាងតំបន់ដទៃ ដែលទៅថ្ងៃមុខគួរតែរៀបចំឱ្យមានទេសចរមកលេងកម្សាន្តបាន ប៉ុន្តែក៏ត្រូវតែធានាសុវត្ថិភាពទេសចរណ៍ខ្ពស់ និងច្បាស់លាស់ដែរ។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រទេសក្នុងតំបន់នេះមិនទាន់ហ៊ានទទួលយកភ្ញៀវទេសចរអន្តរជាតិបាននៅឡើយទេ ពីព្រោះហានិភ័យពីខាងក្រៅនៅមានកម្រិតខ្ពស់នៅឡើយ គឺមានតែភ្ញៀវទេសចរក្នុងស្រុកខ្លះៗប៉ុណ្ណោះ តួយ៉ាងដូចជាកម្ពុជា ថៃ ចិនជាដើម។

សម្រាប់កម្ពុជា ទោះបីមិនទាន់អាចទទួលយកទេសចរអន្តរជាតិបាន ក៏កម្ពុជានៅតែរៀបចំខ្លួនជាប់ជាប្រចាំ ដូចជា ពង្រឹងវិធានសុវត្ថិភាពទេសចរណ៍ ការលើកទឹកចិត្តឱ្យមានការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងមានសុវត្ថិភាពខ្ពស់ ការជំរុញឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់នឹងសម័យកាលបដិវត្តឧស្សាហកម្ម ៤.០ ការបង្វឹកបំប៉ន និងបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែម ការលើកស្ទួយ និងជំរុញឱ្យមានការវិនិយោគលើវិស័យកសិកម្ម ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ពិសេសគឺការទប់ស្កាត់មិនឱ្យឆ្លងចូលទៅក្នុងសហគមន៍ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ទៅកាន់អង្គប្រជុំ «The 1st Destination Mekong Summit»។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហើបឱ្យដឹងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកកាលពីកំលុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅ ដោយកំលុងពេល៥ថ្ងៃនេះ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១.៤លាននាក់។ អ្វីដែលឱ្យរីករាយនោះ គឺគ្មានរកឃើញថាមានករណីឆ្លងជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាម្នាក់នោះឡើយ។

សូមរម្លឹកថា ចំណុចថ្មីមួយទៀតនៅក្នុងកិច្ចប្រជុំខាងលើ គឺប្រទេសថៃបានលើកឡើងពីគម្រោងចង់ពិភាក្សាជាមួយរដ្ឋាភិបាលនៃប្រទេសផ្សេងទៀត ដើម្បីពិនិត្យលើលទ្ធភាពអនុវត្តនយោបាយទេសចរណ៍ «Green Travel Bubble» ជាលក្ខណៈទ្វេភាគី ឬត្រីភាគី ហើយប្រសិនបើជោគជ័យ គេនឹងអាចឈានដល់ពហុភាគីថែមទៀត៕

 

 

ប្រភព: ក្រសួងទេសចរណ៍